ប្រាក់យន់ របស់ប្រទេសចិន បានក្លាយជារូបិយប័ណ្ណអន្តរជាតិ ដែលទទួលស្គាល់ដោយ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្រោយពីប្រាក់យន់ បានចូលរួមក្នុងកញ្ចក់រូបិយប័ណ្ណបម្រុងរបស់ IMF កាលពីថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ ២០១៦កន្លងទៅនេះ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ប្រាក់យន់ របស់ចិន ជារូបិយប័ណ្ណទី ៥ ដែលត្រូវបានទទួលស្គាល់ដោយ IMF បន្ទាប់ពី ប្រាក់ដុល្លារ ប្រាក់អឺរ៉ូ ប្រាក់យេន និងប្រាក់ផោន ហើយរូបិយប័ណ្ណនេះ នឹងក្លាយជាផ្នែកមួយនៃកម្ចី IMF ដែលប្រទេសនានាអាចខ្ចីបាន។
នេះជាលើកដំបូងហើយ ដែល IMF បានបន្ថែមរូបិយប័ណ្ណថ្មី តាំងពីឆ្នាំ ១៩៩៩ ហើយថ្ងៃទី ១ តុលានេះ ក៏ចំថ្ងៃរំលឹកខួប ការបង្កើតបក្ស People’s Republic of China កាលពីឆ្នាំ ១៩៤៩។
ធនាគារកណ្តាលនៃប្រទេសចិនបានថ្លែងថា «វាគឺជាគន្លឹះដ៏សំខាន់ សម្រាប់ការធ្វើសមាហរណកម្មរបស់ប្រទេសចិន ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ នឹងក្លាយជាចំនុចចាប់ផ្តើមនៃ ការផ្លាស់ប្តូរ និងបើកចំហទីផ្សារហិរញ្ញវត្ថុ របស់ប្រទេសចិន»។
យ៉ាងណាមិញ ធនាគារកណ្តាល មិនមែនជាអ្នកជួញដូរដោយផ្ទាល់នោះទេ ហើយមានតែទីផ្សារប៉ុណ្ណោះ ដែលជាអ្នកសម្រេចជោគវាសនារបស់រូបិយប័ណ្ណយន់ ថាអាចក្លាយជារូបិយប័ណ្ណអន្តរជាតិឬទេ៕

មតិយោបល់