ព័ត៌មានសេដ្ឋកិច្ច

មហាសេដ្ឋី Jack Ma នឹងបំផ្ទុះទីផ្សារអនឡាញ នៅឥណ្ឌូនេស៊ី

មហាសេដ្ឋី Jack Ma នឹងបំផ្ទុះទីផ្សារអនឡាញ នៅប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីលោកត្រូវបានស្នើសុំ ឲ្យធ្វើជាទីប្រឹក្សាពាណិជ្ជកម្មអនឡាញ ដោយរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយនៅព្រឹកមិញនេះ។

មហាសេដ្ឋី Jack Ma បានសិក្សានឹងបង្ហាញពីសក្តានុពលដ៏ធំធេងនៃ ទីផ្សារអនឡាញរបស់ប្រទេសឥណ្ឌូនេស៊ី ដែលអាចកាន់កាប់ទីផ្សារលក់បន្ត រហូតដល់ទៅ ៧ភាគរយ នៃទីផ្សារក្នុងប្រទេស នៅត្រឹមឆ្នាំ ២០២០ ហើយអ្នកប្រើប្រាស់អាចឈានដល់ ៨៦លាននាក់។

ក្រុមហ៊ុន McKinsey & Co. ដែលជាក្រុមហ៊ុនលូតលាស់លឿនបំផុតមួយ នៅឥណ្ឌូនេស៊ី បានព្យាករណ៍ថា សេដ្ឋកិច្ចបែបបច្ចេកវិទ្យា នឹងជួយបន្ថែមទឹកប្រាក់ ១៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ បន្ថែមទៀត ទៅក្នុង GDP របស់ប្រទេសឥណ្ឌូនេស៊ី ត្រឹមឆ្នាំ ២០២៥។

ក្រុមអ្នកប្រើប្រាស់ ដែលអាចរកប្រាក់ចំណូលបាន ១០ដុល្លារក្នុងមួយថ្ងៃ នៅកើនឡើង ៥លាននាក់ក្នុងមួយឆ្នាំ ហើយកើនដល់ ៨៦លាននាក់នៅឆ្នាំ ២០២០ ដែលនឹងអាចប្រើប្រាស់អ៊ីនធឺណេតកាន់តែច្រើន ហើយធនាគារកណ្តាលក៏រំពឹងនឹងមាន ប្រតិបត្តិការទីផ្សារអនឡាញទ្វេដង ពោលគឺកើនដល់ ៤.៦ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ។

ជាមួយសេដ្ឋកិច្ចធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ីមានប្រជាជន ២៥៥លាននាក់ ដែលនឹងស្គាល់ការលូតលាស់ដ៏ខ្លាំងបំផុតនៃទីផ្សារអនឡាញ ដែលតម្លៃនៃទីផ្សារអនឡាញ អាចកើនឡើងដល់ ១៥ពាន់លានដុល្លារអាមេរិក ក្នុងរយ:ពេល ៣ឆ្នាំក្រោយ។

គួររំលឹកដែរថា មហាសេដ្ឋី Jack Ma ត្រូវបានស្នើសុំឲ្យធ្វើជាទីប្រឹក្សាពាណិជ្ជកម្មអនឡាញ របស់រាជរដ្ឋាភិបាលឥណ្ឌូនេស៊ី កាលពីដើមខែកញ្ញាកន្លងទៅនេះ ហើយក្រុមហ៊ុន Alibaba ក៏បានបញ្ជាក់ថា លោក Jack Ma បានយល់ព្រមចំពោះសំណើនេះផងដែរ៕

bn-pt475_0909in_m_20160909073011

មតិយោបល់