ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម

សៀមរាបៈ សូមរំឭកថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ដោយជាប់ពាក់ព័ន្ធករណីលួច ស្ថិតនៅចំណុច ផ្ទះសំណាក់ អ៊ឹង ឡុង ស្ថិតនៅភូមិដកពោធ៌ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការសាកសួរតាមនីតិវិធី។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេតែងតែធ្វើសកម្មភាពលួចជាច្រើនលើកមកហើយ និងពេលលួចបានម្តងៗ រូបគេតែងតែយកទៅលក់បន្តឲ្យបក្ខពួកចំនួន២នាក់ទៀត នៅទីក្រុងភ្នំពេញ។

បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យរួចមក កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានផ្តល់ដំណឹងទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីសុំការសហការបន្តចាប់ខ្លួនជនសង្ស័យដែលជាបក្ខពួកនោះ។ លុះដល់វេលាម៉ោង១០ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដែលជាបក្ខពួកនោះ ស្ថិតនៅចំណុចមុខវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះ ទី១ឈ្មោះ ជា ចំណាប់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរទទួលបញ្ចាំ (នៅក្នុងណាហ្គាវើល) ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ភ្នំពេញ។ ទី២.ឈ្មោះ យឺន យឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនតូនីសប ទីលំនៅបច្ចុប្បន្ន ម្ដុំបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ភ្នំពេញ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចូនមក ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ថែម។

បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យបានសារភាពថា រូបគេតែងតែទទួល ទិញរបស់របរ បន្តពីជនសង្ស័យទី១ នៅពេលដែលជនសង្ស័យទី១ លួចបានម្តងៗពីកន្លែងផ្សេងៗ។

ក្នុងការឃាត់ខ្លួននោះដែរ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់យកវត្ថុតាងរួមមាន ម៉ូតូចំនួន០២គ្រឿង និងសម្ភារៈមួយចំនួនផងដែរ។

ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

photo_2016-10-04_11-04-19photo_2016-10-04_11-04-15photo_2016-10-04_11-04-17

មតិយោបល់