ព័ត៌មានសេដ្ឋកិច្ច

បុណ្យសមុទ្រលើកទី ២ នៅខេត្តព្រះសីហនុ ឆ្នាំ ២០១៦នេះ មិនប្រារព្ធធ្វើឡើងចំថ្ងៃឆ្លងឆ្នាំថ្មី

បុណ្យសមុទ្រលើកទី ២ នៅខេត្តព្រះសីហនុ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៦ខាងមុខនេះ ដែលមិនចំថ្ងៃឆ្លងឆ្នាំ ២០១៦-២០១៧ ដូចការព្រាងទុកនោះឡើយ។

បុណ្យសមុទ្រនៅឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ទីក្រុងបៃតង ឆ្នេរខ្សាច់ស្អាត និងទឹកសមុទ្រខៀវស្រងាត់» ដែលមានគោលដៅរៀបចំអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានបង្ហាញពី ចំនុចសំខាន់ៗដែលត្រូវធ្វើសម្រាប់បុណ្យសមុទ្រ រួមមាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រៀបចំការតាំងពិព័រណ៍ រៀបចំទីក្រុងស្អាត រៀបចំឆ្នេរកម្សាន្ត ត្រួតពិនិត្យសេវាកម្មទេសចរ ត្រួតពិនិត្យម្ហូបអាហារ និងត្រួតពិនិត្យលើបញ្ហាបង្គន់អនាម័យ។

សម្រាប់ការតាំងពិព័រណ៍ ត្រូវផ្តល់អាទិភាពដល់សិប្បកម្ម និងផលិតផលក្នុងស្រុក ដោយមានការសហការជាមួយក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ហើយលើសពីនេះទៅទៀត ក៏មានពិព័រណ៍អភិវឌ្ឍន៍តំបន់ឆ្នេរ ការអភិវឌ្ឍរបស់ខេត្តតំបន់ឆ្នេរទាំង ៤ ការតាំងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈ។

បុណ្យសមុទ្រលើកទី ២នេះ ត្រូវបានរំពឹងថា នឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឲ្យមកទស្សនាខេត្តព្រះសីហនុបានកាន់តែច្រើន ដែលនឹងរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិផងដែរ។

គួរបញ្ជាក់ថា តំបន់ឆ្នេរសមុទ្រកម្ពុជា នឹងក្លាយជាគោលដៅទាក់ទាញទេសចរណ៍ លំដាប់ទី ២ បន្ទាប់ពីប្រាសាទអង្គរវត្ត ដែលរំពឹងនឹងទទួល ភ្ញៀវទេសចរណ៍អន្តរជាតិ បាន ២លាននាក់ នៅឆ្នាំ ២០២០ ៕

sea-festival-sihanouk 14517541_1119764068118404_6276312305562485818_n 14462906_1119764061451738_2009960432598133255_n

មតិយោបល់