ក្រុមប្រឹក្សាភិបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តកម្ចីក្នុងទឹកប្រាក់ ៥០លានដុល្លារអាមេរិក ដើម្បីជួយពង្រីក និងកែសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងទីរួមខេត្តធំៗជាងគេចំនួន ៤ របស់ប្រទេសកម្ពុជា ដែលសុទ្ធតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ដ៏សំខាន់របស់ប្រទេសនេះ។
ធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងគ្រប់គ្រងហិរញ្ញប្បទានឥតសំណងក្នុងទឹកប្រាក់ ១០លានដុល្លារអាមេរិកពី មូលនិធិជប៉ុន សម្រាប់យន្តការផ្តល់ឥណទានរួម ដែលទទួលបានមូលនិធិពី រដ្ឋាភិបាលជប៉ុន ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ ការសាងសង់រោងចក្រសំអាតទឹកស្អុយសន្សំសំចៃថាមពលថ្មី ក្នុងខេត្តបាត់ដំបងផងដែរ។
លើសពីនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងគ្រប់គ្រងហិរញ្ញប្បទានកម្ចី ក្នុងទឹកប្រាក់ ៤០លានអឺរ៉ូ (ស្មើនឹង ៤៣,៥៤ លានដុល្លារ) មួយទៀត ពីទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសបារាំង (AFD) ដែលនឹងចូលរួមផ្តល់ហិរញ្ញប្បទានដល់គម្រោងដែលនឹងអនុវត្តក្នុងទីក្រុងទាំង ៤ ខាងលើនេះ។
ក្នុងខណៈពេលដែលកំណើននេះ បានរួមចំណែកដល់កំណើនជារួមរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស កំណើននៃទីក្រុង ដែលគម្រោងនេះនឹងត្រូវអនុវត្ត ដូចជា ទីក្រុងបាត់ដំបង កំពង់ចាម សៀមរាប និងព្រះសីហនុ តម្រូវការសេវាជាមូលដ្ឋានក្នុងទីក្រុង ដូចជាការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក៏មានការកើនឡើងផងដែរ។
បច្ចុប្បន្ននេះ ប្រជាជនដែលរស់ក្នុងទីក្រុងប្រមាណតែ ៤២,២ ភាគរយតែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលរាជធានីភ្នំពេញ បានទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងប្រមាណជា ៨០,២ ភាគរយ បានទទួលសេវា
អនាម័យដែលត្រូវបានកែលំអ ដែលក្នុងនោះមានត្រឹមតែ ១០,៧ ភាគរយប៉ុណ្ណោះដែលទទួលបានសេវាបង្ហូរទឹកតាមប្រព័ន្ធលូ និងសេវាសំអាតទឹកស្អុយ។
គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថ្នាក់ខេត្តនេះ នឹងកែលំអការផ្គត់ផ្គង់ទឹកតាមបំពង់ក្នុងខេត្តបាត់ដំបង និងខេត្តកំពង់ចាម ដែលនឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណជា ២០៩.០០០ នាក់បន្ថែមទៀត ឬស្មើនឹងការតភ្ជាប់បណ្តាញប្រមាណ ៤០.០០០ ត្រឹមឆ្នាំ ២០២២ តាមរយៈការសាងសង់រោងចក្រសំអាតទឹកចំនួន ២ ដែលមានសមត្ថភាពរួមគ្នា ៦១.៦០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ និងបណ្តាញចែកចាយថ្មី ដែលមានប្រវែងសរុបបញ្ចូលគ្នា ១៦១ គីឡូម៉ែត្រ។
គម្រោងនេះនឹងបង្កើនវិសាលភាពគ្របដណ្តប់ នៃការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់រហូតដល់ប្រមាណជា ៩០ ភាគរយ នៃប្រជាជនដែលរស់នៅក្នុងទីក្រុង ដែលជាតួលេខរំកិលកៀកទៅនឹងគោលដៅ ១០០ ភាគរយ ត្រឹមឆ្នាំ ២០២៥ ដែលរដ្ឋាភិបាលបានដាក់ចេញ៕
មតិយោបល់