ក្រុមហ៊ុនសាជីវកម្មអមតៈ របស់ថៃ បានបង្ហាញពីបំណងបើកតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុន កំពុងសុំការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោក វីក្រុម ក្រូម៉ាឌិត ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុនសាជីវកម្មអមតៈ បានជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ កាលពីម្សិលមិញនេះ ហើយលោកបានលើកឡើងថា កម្ពុជា នឹងមានអនាគតដ៏ល្អ ព្រោះជាប្រទេសស្ថិតនៅចំណុចកណ្តាលគេ ពិសេសរវាងថៃនិងវៀតណាម ដែលមានសក្តានុពលខ្ពស់បំផុត។
បច្ចុប្បន្ន ក្រុមហ៊ុនសាជីវកម្មអមតៈ កំពុងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសថៃ វៀតណាម និងមីយ៉ាន់ម៉ា នឹងសុំការណែនាំពីសម្តេចតេជោ ក្នុងការបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ។
គួរបញ្ជាក់ថា មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ថៃ បានបង្ហាញពីសក្តានុពលជាច្រើនទៀត ដែលគួរតែជម្រុញកំណើននៃទំហំពាណិជ្ជកម្ម ឲ្យកើនដល់ ១៥ពាន់លានដុល្លារអាមេរិក នៅពេលដ៏ខ្លីខាងមុខ៕


មតិយោបល់