ក្រុមហ៊ុនជប៉ុន Toppan Printing បានសហការជាមួយ TBM វិនិយោគលើបច្ចេកវិទ្យាផលិតក្រដាស Limex ចេញពីដុំថ្ម នឹងកែច្នៃជាសម្ភារៈផ្សេងទៀត រំពឹងរកចំនូលបាន ៤៤៤លានដុល្លារអាមេរិក។ នេះបើយោងតាមគេហទំព័រ Bloomberg ចេញផ្សាយនៅថ្ងៃនេះ។
ក្រុមហ៊ុន Toppan Printing Co., ជាក្រុមហ៊ុនដែលលក់ផលិតផលច្រើនជាងគេក្នុងស្រុក នឹងសហការជាមួយ ក្រុមហ៊ុន TBM Co. ដែលមានបច្ចេកវិទ្យាទំនើបក្នុងការផលិតក្រដាសចេញពីដុំថ្ម ដើម្បីសង្គ្រោះអាជីវកម្មរងគ្រោះដោយសារបច្ចេកវិទ្យាទំនើប និងការធ្លាក់ចុះនៃតម្រូវការ កាសែត ទស្សនាវដ្តី និងសៀវភៅជាដើម។
លើសពីនេះទៅទៀត ក្រុមហ៊ុនក៏មានមហិច្ឆតាបោះជំហានចូលទីផ្សារអន្តរជាតិ បើទោះបីជាពេលនេះ ពួកគេមិនសូវពូកែក៏ដោយ។
ក្រដាស Limex ខុសពីក្រដាសធម្មតាត្រង់ទម្ងន់ និងគុណភាព ព្រោះក្រដាស Limex មិនជ្រាបទឹក អាចរក្សាទុកបានយូរ តែធ្ងន់ជាងក្រដាសធម្មតាបន្តិច។
ក្រុមហ៊ុន TBM លើកឡើងថា ដោយប្រើ ថ្ម ជំនួស ដើមឈើ ឬបច្ចេកវិទ្យានេះ ក្នុងការផលិតក្រដាស គឺអាចជួយសន្សំទឹក សម្រាប់មនុស្ស ២២០លាននាក់ ជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា បច្ចេកវិទ្យាផលិតក្រដាសពីដុំថ្ម ចាប់ផ្តើមដំបូងនៅកោះតៃវ៉ាន់ ហើយក្រុមហ៊ុន TBM បាននាំចូលមកកាន់ប្រទេសជប៉ុន និងបន្តអភិវឌ្ឍន៍បច្ចេកវិទ្យានេះដោយខ្លួនឯង ក្នុងឆ្នាំ ២០០៨៕
មតិយោបល់