ព័ត៌មានសេដ្ឋកិច្ច

៧ខែ ដើមឆ្នាំ ២០១៧ ចំណូលអង្គរ ទទួលបានជាង ៦៨លានដុល្លារ កើនឡើងជាង ៦៨%

គិតត្រឹម ៧ខែ ដើមឆ្នាំ ២០១៧នេះ ចំណូលអង្គរ បានមកពីការលក់សំបុត្រ ទទួលបាន ៦៨លានដុល្លារអាមេរិក ដែលកើនឡើង ៦៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

ក្នុងខែកក្កដា ឆ្នាំនេះ ភ្ញៀវទេសចរបរទេសជាង ១.៨សែននាក់ មកទស្សនារមណីយដ្ឋានអង្គរ បង្កើតចំណូលជាង ៨.២លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧៨ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីប្រកាសរបស់គ្រឹះស្ថានអង្គរ។

ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៦ សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរវត្ត បានកែប្រែតម្លៃថ្មី គឺឡើងដល់ ៣៧ដុល្លារអាមេរិក សម្រាប់ចូលទស្សនា ១ថ្ងៃ ដោយរាល់ការទិញសំបុត្រទាំងអស់ គឺកាត់ ២ដុល្លារអាមេរិក សម្រាប់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។

រាជរដ្ឋាភិបាល បានធ្វើការកែសម្រួល តម្លៃសំបុត្រចូលទស្សនារមនីយដ្ឋានអង្គរ សម្រាប់ជនបរទេសនេះ គឺដើម្បីរក្សាតម្លៃសំបុត្រ ចូលទស្សនាអង្គរឲ្យ មាននិរន្តរភាព ដោយហេតុផលថា តម្លៃបណ្ណថ្មី ៣៧ដុល្លារអាមេរិក គឺនៅទាបជាង តម្លៃសំបុត្រ ២០ដុល្លារអាមេរិក ដែលបានអនុវត្តន៍ កាលពី ២០ឆ្នាំមុន រហូតមកដល់ពេលនេះ។

មួយវិញទៀត អង្គរ ជាសម្បត្តិបេតិកភណ្ឌជាតិ ជាបេតិកភណ្ឌវប្បធម៌ ដ៏អស្ចារ្យនៅលើពិភពលោក ជាគោលដៅទេសចរណ៍ដ៏ធំ មានប្រាង្គប្រាសាទជាច្រើន ដែលមានវិសាលភាពធំធេង និងមានតម្លៃ មហាសាល ចំពោះការកែសម្រួលថ្លៃនេះ មិនជាឧបសគ្គ ឬជាកង្វល់នោះទេ ។

គួររម្លឹកដែរថា គេហទំព័រ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្រ្ត ដោយលទ្ធផលបានមកពី ការចូលរួមបោះឆ្នោតពី ភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក៕

 

មតិយោបល់