ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារជួយស្រុកបារាយណ៍ខេត្តកំពង់ធំ លោក ថោង ខុន បានផ្តល់ជាអនុសាសសន៍ណែនាំ និងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ ដល់សិស្សានុសិស្ស យុវជននៅស្រុកបារាយណ៍ និងបានប្រកាសផ្ដល់អាហារូបករណ៍ចំនួន៤៧០កន្លែងនៅតាមសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសកម្ពុជា។
ដោយមានការចូលរួមពីគ្រឹះស្ថានអប់រំរបស់រដ្ឋ និងឯកជនក៏ដូចជាអ្នកជំនាញផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈវិស័យទេសចរណ៍ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ រដ្ឋមន្រ្តីទេសចរណ៍បានផ្តល់ជាអនុសាសសន៍ណែនាំ និងផ្តល់ឱកាសសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា ឬ ថ្នាក់ជំនាញវិជ្ជាជីវៈ តាមរយៈកាផ្ដល់អាហារូបករណ៍ផ្ទាល់របស់ខ្លួនភរិយាគឺ «អាហារូបករណ៍ខ្ញុំ អនាគតខ្ញុំ» ដល់យុវជនស្រុកបារាយណ៍ និងសិស្សានុសិស្សទាំងអស់ដែលប្រឡងជាប់ ឬក៏ធ្លាក់មធ្យមសិក្សាទុតិយភូមិ និងសិស្សានុសិស្សថ្នាក់ទី១១ឆ្នាំសិក្សា២០១៥-២០១៦ ពិសេសការងារក្នុងវិស័យទេសចរណ៍ ដែលកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងតម្រូវការទីផ្សារលើវិស័យនេះយ៉ាងគំហុកនៅកម្ពុជានាពេលបច្ចុប្បន្ន។
ក្នុងឱកាសជួបសំណេះសំណាលសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ លោក ថោង ខុន បានដាស់តឿនដល់ក្មួយៗយុវជនថា «នៅទីនេះមានក្មួយខ្លះបានប្រឡងជាប់បាក់ឌុប ហើយក្មួយៗខ្លះទៀតប្រឡងធ្លាក់ ប៉ុន្តែក៏មានក្មួយៗខ្លះពេលប្រឡងជាប់ហើយ មានលទ្ធភាពបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ខណៈក្មួយៗខ្លះទៀតមិនអាចបន្តការសិក្សាបាន ហើយស្វែងរកការងារធ្វើ ប៉ុន្តែអ្វីដែលសំខាន់នោះ ត្រូវចាប់យកការងារអ្វីដែលជាជំនាញមួយច្បាស់លាស់ »។
លោករដ្ឋមន្រ្តីបញ្ជាក់ថា «ការងារទាំងអស់សុទ្ធតែថ្លៃថ្នូរ ហើយជាជីវិតរបស់មនុស្សម្នាក់ៗ ប៉ុន្តែសំខាន់នោះ ម្នាក់ៗត្រូវតែមានវិជ្ជាជីវៈពិតប្រាកដ ព្រោះថា បើម្នាក់ៗធ្វើជំនាញអ្វីត្រូវតែចេះជំនាញនោះ ហើយដើម្បីចេះជំនាញនោះ គឺម្នាក់ៗត្រូវតែខិតខំរៀនសូត្រ កម្លាំងយុវជន គឺជាកម្លាំងស្នូល ឬជាសសរទ្រូងនៃការអភិវឌ្ឍប្រទេសជាតិ ដូច្នេះយុវជនត្រូវតែមានសមត្ថភាពវិជ្ជាជីវៈដ៏ពិតប្រាកដមិនអាចខ្វះបាន»។
សូមបញ្ជាក់ថា អាហារូបករណ៍ដែលត្រូវបានផ្ដល់ជិត៥០០កន្លែងនោះ គឺទទួលបានពីគ្រឹះស្ថានសិក្សាចំនួន៩រួមមាន៖ សាកលវិទ្យាល័យមេគង្គកម្ពុជា, សាកលវិទ្យាល័យអង្គរ, សាលាសណ្ឋាគារ និងទេសចរណ៍ភ្នំពេញ, សាលាវ៉េស្ទឡាញន៍, វិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនកម្ពុជា-ឥណ្ឌា, វិទ្យាស្ថានកុសមៈ, វិទ្យាស្ថានមិត្តភាពកម្ពុជា-ថៃ, វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា។
ចំពោះកាលបរិច្ឆេទប្រគល់ និងដាក់ពាក្យស្នើសុំអាហារូបករណ៍ ត្រូវបានចាប់ផ្ដើមនៅ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦នេះរហូតដល់ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៦ ហើយបេក្ខជននឹងត្រូវធ្វើការតេស្តសមត្ថភាពដើម្បីទទួលបានអាហារូបករណ៍នេះ៕
មតិយោបល់