ព័ត៌មានសេដ្ឋកិច្ច

អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លើកទឹកចិត្តឲ្យមន្ត្រីរាជការបន្តសហការគ្នាដើម្បីការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ

ភ្នំពេញ: លោក ហ៊ីវ សុវណ្ណ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកទឹកចិត្តឲ្យ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្តសហការនិងសិក្សាស្វែងយល់អំពីតម្រូវការសម្រាប់ការអភិវឌ្ឍសមត្ថភាព ជូនមន្ត្រីរាជការរបស់យើងថែមទៀតតាមសេចក្តីត្រូវការ ដើម្បីឲ្យគ្រប់អង្គភាពថវិកាទាំងអស់ មានមន្ត្រីរាជការ ដែលមានសមត្ថភាព និងការយល់ដឹងគ្រប់គ្រាន់សម្រាប់រួមចំណែកសម្រេចជោគជ័យ នៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផង និងដើម្បីការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិយើងផង ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនយើង។

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នាសណ្ឋាគារភ្នំពេញ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីវិធាននិងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ សម្រាប់ក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់មូលដ្ឋាន ឯកឧត្តមបានបន្តថា វគ្គបណ្តុះបណ្តាល នេះ ពិតជាបានប្រព្រឹត្តទៅដោយរលូនក្នុងរយៈពេល ៤ថ្ងៃ តាមការគ្រោងទុក និងបានផ្តល់ឱកាសគ្រប់គ្រាន់ឲ្យសិក្ខាកាម បានសិក្សាក្រេបជញ្ជក់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗ ដែលផ្សារភ្ជាប់នូវទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើវិធាន នីតិវិធី និងគោលការណ៍សំខាន់ៗស្តីពីលទ្ធកម្មសាធារណៈសម្រាប់រួមចំណែកក្នុងការអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ និងអង្គភាពថវិកានៅឆ្នាំ២០១៦នេះ។

ក្នុងន័យនេះ យើងអាចវាយតម្លៃបានថា វគ្គបណ្តុះបណ្តាលរបស់យើង បានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលផ្លែផ្កាដ៏ល្អត្រចះត្រចង់។ ផ្អែកតាមលទ្ធផលនៃដំណើរការបណ្តុះបណ្តាលរយៈពេលបួនថ្ងៃមកនេះ បានចូលរួមចំណែកយ៉ាងសកម្ម និងកិច្ចខិតខំប្រឹងប្រែងដ៏ស្វាហាប់របស់សិក្ខាកាម ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្តធ្វើឲ្យវគ្គបណ្តុះបណ្តាលរបស់យើងនេះ ទទួលបានជោគជ័យតាមការរំពឹងទុក។

កន្លងទៅថ្មីៗនេះ ការអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ ត្រូវបានពង្រីកទៅដល់ក្រសួង ស្ថាប័នចំនួន ១៥បន្ថែមទៀត ដែលធ្វើឲ្យចំនួនក្រសួង ស្ថាប័នដែលត្រូវចូលរួមអនុវត្តថវិកាកម្មវិធី នឹងកើនដល់ ២៥ រួមជាមួយនឹងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ សំដៅឈានទៅបង្កើននូវការផ្សារភ្ជាប់រវាងថវិកា ទៅនឹងគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្របតាមទិសដៅយុទ្ធសាស្ត្រនៃកំណែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា ឆ្នាំ២០១៣-២០២០៕

photo_2016-04-28_15-41-37 photo_2016-04-28_15-41-38 photo_2016-04-28_15-41-39 (2) photo_2016-04-28_15-41-39

មតិយោបល់