ព័ត៌មានសេដ្ឋកិច្ច

ម៉ុង ឫទ្ធី៖ កុំរស់ដោយសារលុយពេក ពេលស្លាប់យកលុយទៅវិញមិនបានទេ

លោកឧកញ៉ា ម៉ុង ឫទ្ធី បាននិងកំពុងអភិវឌ្ឍន៍ លំនៅដ្ឋានមនុស្សចាស់ សម្រាប់ជីវិតចុងក្រោយ នៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រ ម៉ុង ឫទ្ធី គ្រុប។

ការខិតខំប្រឹងប្រែងធ្វើគម្រោងនេះឡើង គឺដើម្បីជួយដល់ប្រជាជនក្រីក្រ ជាពិសេសសម្រាប់មនុស្សចាស់។

លោកឧកញ៉ា ម៉ុង ឫទ្ធី ធ្លាប់បានលើកឡើងថា គ្រប់គ្នាសុទ្ធតែកើតមកខ្លួនទទេ ពេលស្លាប់ទៅវិញ ក៏មិនអាចយកលុយទៅតាមបានដែរ ដូច្នេះពេលរស់នៅ សូមកុំរស់នៅ ដើម្បីតែលុយពេក។

ដូច្នោះហើយ ទឹកចិត្តរបស់លោក ចំពោះគម្រោងអភិវឌ្ឍន៍នេះ គឺដើម្បីជួយដល់មនុស្សចាស់ ដែលក្រីក្រខ្វះខាត ព្រោះលោកចាត់ទុកថា ទ្រព្យលែងជាវត្ថុចាំបាច់ទី ១ ទៀតហើយសម្រាប់ជីវិត ដូច្នេះពេលរកស៊ីមានបាន ត្រូវគិតគូរដល់អ្នកកំពុងខ្វះខាត។

លោក ធ្លាប់បានសាងសង់ផ្ទះជាច្រើនខ្នង ជូនដល់ប្រជាជនក្រីក្រជាច្រើនគ្រួសារ ហើយបច្ចុប្បន្ន លោក​នៅតែបន្តការសាងសង់ទៀត ដើម្បីផ្គត់ផ្គង់បន្ថែមដល់ប្រជាជនក្រីក្រ ព្រមទាំងបង្កើតជាលំនៅដ្ឋានសម្រាប់មនុស្សចាស់ទៀតផង។

កាលពីឆ្នាំ ២០១៦កន្លងទៅ លោកបានសាងសង់ផ្ទះ ១០៦ល្វែង នឹងបន្ថែម ២០ល្វែងទៀត កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៧នេះ ដោយសារមានកំណើនប្រជាជនចំណាកស្រុក មកសុំរស់នៅ ក្នុងសហគមន៍ ម៉ុង ឫទ្ធី។

ក្រៅពីការសាងសង់ផ្ទះចែកជូនប្រជាជនដោយឥតគិតថ្លៃ លោក ក៏បានសាងសង់ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក តបណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ដើម្បីជួយដោះស្រាយរាល់បញ្ហារបស់ប្រជាជន៕

មតិយោបល់