ស្ទឹងត្រែង: ស្ត្រីម្នាក់ធ្លាក់ពីលើម៉ូតូបាក់ ក ស្លាប់ភ្លាមៗ ខណៈពេលដែលប្តីឌុបមកពីមន្ទីពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចលើផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិ ឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ប្រភពពីបុរសជាប្តីបានប្រាប់ឲ្យដឹងថា រូបគាត់បានដឹកកូនរបស់គាត់មកពីមន្ទីពេទ្យក្រោយពីលោកគ្រូពេទ្យបានព្យាបាលកូន ដែលមានអាយុទើបតែបាន៤ខែបានធូរស្បើយ ដោយគាត់បានឲ្យស្ត្រីជាប្រពន្ធអង្គុយពីក្រោយអោបកូនដោយដៃម្ខាងបីកូនហើយដៃម្ខាងទៀតកាន់សេរ៉ូម។
បុរសជាប្តីបន្តទៀតថា លុះមកដល់ពាក់កណ្តាលផ្លូវត្រង់ចំណុចខាងលើស្រាប់តែមានឆ្កែមួយក្បាលរត់មកត្របាក់ជើងរបស់គាត់ធ្វើឲ្យគាត់ភ្ញាក់ព្រើត មូលហ្គែម៉ូតូយ៉ាងខ្លាំង ធ្វើឲ្យម៉ូតូរបស់គាត់កញ្ឆក់ទៅមុខទាំងគំរោលបណ្តាលឲ្យប្រពន្ធរបស់គាត់ផ្ងាកក្រោយធ្លាក់ពីលើម៉ូតូដួលបាក់ ក ស្លាប់ភ្លាមៗតែម្តងទៅ។
បុរសជាប្តីមានឈ្មោះ សឿន ធារ៉ា អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បច្ចុប្បន្ន មកធ្វើការស៊ីឈ្មួលមើលធ្វើចំការឲ្យគេ និងជួលដីគេធ្វើចំការដាំដំឡូងមីខ្លួនឯង។ ចំណែកឯសពនារីជាប្រពន្ធឈ្មោះ គី ច្រឹប អាយុ២៥ឆ្នាំ អ្នកទាំងពីររស់នៅជាមួយគ្នា រស់នៅត្រង់ចំណុចអូរល្ពៅ ស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ។ ក្រោយហេតុការណ៍នោះបានកើតឡើងបុរសជាប្តីបានយកសពប្រពន្ធរបស់ខ្លួនទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់