ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជាអង្គរអ៊ែរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួល យន្តហោះ Airbus A320 ចំនួន ២គ្រឿងពី អាកាសចរណ៍ BOC ដែលជាសមាជិករបស់ធនាគារចិន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Cambodia Angkor Air ចេញផ្សាយនៅម្សិលមិញនេះ។
យន្តហោះថ្មីនេះ រំពឹងមកដល់នៅចុងឆ្នាំ ២០១៦នេះ ហើយវានឹងកាត់បន្ថយចំណាយលើថ្លៃសាំង នឹងថ្លៃធានាជួសជុល ដែលសាកសមសម្រាប់ការពង្រីកជើងហោះហើរចម្ងាយឆ្ងាយ ដូចជាទីផ្សារនៅប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើម។
លោក តឹក រ៉េតសំរេច ប្រធានក្រុមហ៊ុនអាកាសចរជាតិ កម្ពុជាអង្គរអ៊ែរ បានលើកឡើងថា ក្រុមហ៊ុន កំពុងតែផ្តោតលើទីផ្សារក្នុងតំបន់ រួមមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ហុងកុង និងតំបន់អាស៊ានជាដើម។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជាអង្គរអ៊ែរ ត្រូវបានបង្កើតក្នុងឆ្នាំ ២០០៩ ហើយបច្ចុប្បន្នកំពុងប្រើប្រាស់យន្តហោះ ៧គ្រឿង សម្រាប់ប្រតិបត្តិការជើងហោះហើរក្នុងស្រុកចំនួន ២ និងជើងហោះហើរអន្តរជាតិចំនួន ១០៕



មតិយោបល់