ភ្នំពេញៈ យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារ ត្រូវបានជំលៀសទៅកាន់ទីទួលសុវត្ថិភាព បន្ទាប់ពីលំនៅដ្ឋានរបស់ពួកគាត់ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង នៅក្នុងសង្កាត់ចំនួន៩លើ សង្កាត់ទាំង១៣របស់ខណ្ឌដង្កោ។
តាមការឲ្យដឹងពីអាជ្ញាធរខណ្ឌដង្កោបញ្ជាក់ថា មកដល់ពេលនេះមានភូមិសាស្ត្រសង្កាត់ចំនួន៩ លើសង្កាត់ទាំង១៣របស់ខណ្ឌដង្កោ បានទទួលរងការគំរាមកំហែង ដោយជំនន់ទឹកភ្លៀងហូរធ្លាក់ពីប៉ែកខាងលើនៃខេត្តកំពង់ស្ពឺឆ្ពោះមកស្ទឹងព្រែកត្នោត បណ្តាលឲ្យទំនប់សណ្តរស្ទឹងមួយកន្លែងស្ថិតនៅចំណុចភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ ប្រវែងពី៤០ទៅ៥០ម៉ែត្រ ត្រូវទឹកជំនន់បុកផ្តាច់តាំងពីរសៀលថ្ងៃទី១៧តុលា ឆ្នាំ២០១៦។
នៅព្រឹកថ្ងៃទី១៨តុលា លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងទីតាំងដែលទឹកហូរផ្តាច់ទំនប់សណ្តរស្ទឹងព្រែកត្នោតផ្នែកខាងក្រៅ ដោយក្នុងនោះលោកអភិបាលបានណែនាំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ពាក់ពន្ធ័តាមទំនប់សណ្តរស្ទឹងព្រែកត្នោត ពិសេសសង្កាត់ដែលទទួលរងការគំរាមកំហែងដោយជំនន់ទឹកភ្លៀងនេះ ត្រូវបង្កើនការយកចិត្តទុកដាក់គិតគូពីសុវត្ថិភាពប្រជាពលរដ្ឋជាចម្បងមានដូចជាការ ជំលៀសបងប្អូនទៅកាន់ទីទួលសុវត្ថិភាព គិតគូពីសុខភាព អនាម័យ ក៏ដូច ជាការផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់បងប្អូនដែលរងគ្រោះពិតប្រាកដ និងជាក់ស្តែង តាមរយៈការស្រង់ស្ថិតិបងប្អូនដែលរងគ្រោះបញ្ជូនមករដ្ឋបាលរាជធានីភ្នំពេញដើម្បីចាត់ ចែងផ្តល់អំណោយ។លោកអភិបាលក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវគិតគូពីសុខភាពជាចំបងទាំងចំណីអាហារ និងទឹកបរិភោគត្រូវដាំឲ្យឆ្អិនជៀសវាងកើតមានជំងឺដង្កាត់ផ្សេងៗ ។
លោកបន្តថា ទឹកបាក់ទំនប់ គ្មាននណាទៅទប់ជាប់ទេមានតែរង់ចាំទឹកស្រកវិញទើបយើង ជួសជុលកែលម្អ ពង្រឹងទំនប់សណ្តស្ទឹងនេះឡើងវិញ។ តែការងារចំពោះមុខគឺសង្គ្រោះប្រជាពលរដ្ឋកុំឲ្យមានគ្រោះថ្នាក់។
ក្រុមមន្ត្រីបញ្ជាក់ថាទឹកភ្លៀងនៅប៉ែកខាងលើស្រក មកឡើងនៅប៉ែកខាងក្រោម ហើយបើភ្លៀងលែងបន្តធ្លាក់ ជំនន់នេះនឹងស្រកក្នុងរយៈពេលខ្លីខាងមុខ។ គួរបញ្ជាក់ដែរថា ជំនន់ទឹកភ្លៀងបានបង្កការលិចលង់ផ្ទៃដីបង្កបង្កើនផល របស់ប្រជាពលរដ្ឋជាង៣០០០ហិកតា និងមានទឹកហូរកាត់ផ្លូវជាតិលេខ៣ ប្រមាណ៣កន្លែងហើយអាជ្ញាធរបានផ្អាករថយន្តធំមិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្នផងដែរ៕
https://youtu.be/kKMd7q8khqM
មតិយោបល់