រថភ្លើង ៥ពាន់គ្រឿង នឹងដំណើរការដឹកទំនិញដោយផ្ទាល់រវាងចិន-អឺរ៉ុប នៅឆ្នាំ ២០២០ នេះបើយោងតាមគម្រោងអភិវឌ្ឍន៍ចេញផ្សាយដោយ គណៈកម្មការអភិវឌ្ឍន៍ជាតិចិន។
កាលពីពេលថ្មីៗនេះ រថភ្លើងដឹកទំនិញ ដែលកំពុងដំណើរការរវាងចិន-អឺរ៉ុប មានចំនួន ១,៨៨១គ្រឿង ដែលដឹកជញ្ជូនទំនិញនាំចូល និងនាំចេញ មានតម្លៃប្រហែល ១៧ពាន់លានដុល្លារអាមេរិក។
សហភាពអឺរ៉ុប ជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិន ខណៈចិន ជាប្រទេសដែលនាំចូលទៅកាន់អឺរ៉ុបធំជាងគេ ហើយទំហំពាណិជ្ជកម្មមានរហូតដល់ ៣.៥១លានលានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៥។
ការដឹកជញ្ជូនទំនិញដោយផ្ទាល់តាមរយៈរថភ្លើង នឹងផ្សារភ្ជាប់ទីក្រុងជាច្រើនរបស់ប្រទេសចិន ជាមួយអឺរ៉ុប ដែលមួយរយៈពេលធំនេះ ការដឹកទំនិញតាមផ្លូវដែកកើនឡើងយ៉ាងខ្លាំង ដោយសារការដឹកជញ្ជូនតាមផ្លូវទឹក កាន់តែយឺតនិងប្រឈមគ្រោះថ្នាក់ ហើយការដឹកជញ្ជូនតាមផ្លូវអាកាស នៅតែថ្លៃ។
គួរបញ្ជាក់ថា គម្រោងនេះ នឹងមានប្រព័ន្ធសេវាកម្មដឹកជញ្ជូនតាមរថភ្លើងចំនួន ៣ខ្សែ គឺ ខ្សែខាងកើត ខ្សែកណ្តាល និងខ្សែខាងលិច ដែលនឹងភ្ជាប់ទៅកាន់ អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ផងដែរ៕

មតិយោបល់