ព័ត៌មានជាតិ

Update: កំណាត់ផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ត្រូវបានបិទចរាចរទាំងស្រុង

ភ្នំពេញៈ កំណាត់ផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ត្រូវបានបិទមិនឲ្យធ្វើចរាចរទាំងស្រុង ចាប់ពីចំណុចស្ពាន ព្រែកជ្រៃ ស្ថិតក្នុងសង្កាត់ស្ពានថ្ម រហូតដល់ត្រង់ចំណុចរង្វង់មូលដីក្រហម ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ ប្រវែង២ពាន់ម៉ែត្រ ដោយសារស្ថានភាពទឹកជំនន់ ស្ទឹងព្រែកត្នោតវាយលុកខ្លាំងធ្វើឲ្យជន់លិច រហូតដល់ជម្រៅ១ម៉ែត្រ ហើយដោយ សារតែខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ ដល់អ្នកដំណើរ និងធ្វើឲ្យផ្លូវរងការខូចខាតនោះ ទើបអាជ្ញាធរបានសម្រេចបិទចរាចរលើផ្លូវត្រង់ចំណុចខាងលើនោះ។

កំណាត់ផ្លូវខាងលើនោះ ត្រូវបានបិទជាបណ្ដោះអាសន្ន ចាប់តាំងពីវេលាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ដោយរង់ចាំរហូតដល់ទឹកស្រកអស់ ទើបបើកវិញហើយអ្នកដំណើរគ្រប់គ្នា រួមទាំងរថយន្តគ្រប់ប្រភេទ អាចធ្វើដំណើរវាងទៅតាមផ្លូវទំនប់សណ្ដរស្ទឹង ព្រែកត្នោតបាន។

អាជ្ញាធរខណ្ឌដង្កោ បានឲ្យដឹងថា ស្ថានភាពទឹកស្ទឹង នៅសង្កាត់ផ្នែកខាងលើ មានដូចជាសង្កាត់ក្រាំងពង្រ សាក់សំពៅ គងនយ បានស្រកច្រើន ប៉ុន្តែទឹកបានហូរចាក់បណ្ដាលឲ្យលិចសង្កាត់ផ្នែកខាងក្រោម មានសង្កាត់រលួស ទៀន ព្រែកកំពឹស ដង្កោ ជើងឯក។ ដែលបានធ្វើឲ្យជន់លិចដីស្រែចម្ការ រាប់រយហិចតា ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង និងផ្លូវច្រើនខ្សែជាពិសេសផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ហើយផ្លូវនេះ ត្រូវបានបិទជាបណ្ដោះអាសន្ន ហើយការបិទនេះ គឺដើម្បីសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងកុំឲ្យខូចផ្លូវផងដែរ ព្រោះទឹកបានលិច និងហូរកាត់ផ្លូវនោះជម្រៅ១ម៉ែត្រទៅហើយ។

ប្រភពដដែលបានបន្តថា នៅវេលាល្ងាចថ្ងៃទី១៨ ខែតុលា កម្លាំងនគរបាលខណ្ឌដង្កោ ត្រូវបានដាក់យាមប្រចាំការនៅលើផ្លូវខាងលើ២ចំណុច គឺនៅចំណុចទី១ នៅត្រង់ផ្លូវបំបែកជាបួន ខាងជើងស្ពានព្រែកជ្រៃ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីបិទមិនឲ្យរថយន្តដឹកទំនិញគ្រប់ប្រភេទ និងអ្នកដំណើរដែលចេញពីភ្នំពេញ ឆ្លងកាត់តាមកន្លែង ដែលត្រូវទឹកលិចនោះ។ ចំណែកចំណុចទី២ ត្រូវបានដាក់នៅត្រង់រង្វង់មូលដីក្រហម ស្ថិតក្នុងភូមិប្រធាតុ សង្កាត់រលួស ខណ្ឌដង្កោ បិទមិនឲ្យរថយន្តដឹកទំនិញគ្រប់ប្រភេទ និងអ្នក ដំណើរដែលចេញពីខេត្តតាកែវ កំពង់ស្ពឺ និងកណ្ដាល ចូលភ្នំពេញឆ្លងកាត់ ដោយបានបង្វែរឲ្យទៅតាមផ្លូវព្រែកថ្លឹង និងទំនប់សណ្ដរស្ទឹង ដែលមិនមានទឹកលិចវិញ៕

https://youtu.be/dLj4L0-wVhE

មតិយោបល់