ជំនន់ទឹកភ្លៀង បានបង្កឲ្យមានផលប៉ះពាល់ និងខូតខាតស្រូវជិត ២ម៉ឺនហិកតា នៅទូទាំងប្រទេស បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាមក។ នេះបើយោងតាមការឲ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ។
ជំនន់ទឹកភ្លៀងជាច្រើនកន្លែង នៅតាមជាយរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ បានធ្វើឲ្យ ស្រូវ និងស្រូវពង្រោះរបស់ប្រជាពលរដ្ឋប្រមាណ ១ម៉ឺន៧ពាន់ហិកតា រងផលប៉ះពាល់ និងជាង ៣ពាន់ហិកតា រងការខូចខាតទាំងស្រុង។
ក្នុងនោះដែរ ខេត្តដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង រួមមាន ខេត្តកំពង់ស្ពឺជាង ៤ពាន់ហិកតា ខេត្តស្វាយរៀងជាង ៣ពាន់ហិកតា ខេត្តកំពង់ឆ្នាំងជាង ៨០០ហិកតា ខេត្តព្រៃវែងជាង ៥ពាន់ហិកតា ខេត្តត្បូងឃ្មុំជាង ៣០០ហិកតា និងខេត្តតាកែវ រងផលប៉ះពាល់ តែមិនទាន់មានការខូតខាត។
គួរបញ្ជាក់ថា ក្រសួងកសិកម្មក៏បានរកឃើញ ការកើតឡើងនូវប្រភេទខ្យងមាស ដែលជាប្រភេទសត្វចង្រៃបំផ្លាញស្រូវ និងផលដំណាំរបស់ប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋគួរតែរាយការណ៍ជាបន្ទាន់ ដើម្បីជួយដល់ស្រូវ និងដំណាំឲ្យទាន់ពេលវេលា៕

មតិយោបល់