ព័ត៌មានសេដ្ឋកិច្ច

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ប្រចាំឆ្នាំ ២០១៧

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ប្រចាំឆ្នាំ ២០១៧ នៅថ្ងៃទី ២៧ ខែកុម្ភៈខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លំហាត់សមយុទ្ធនេះ ធ្វើឡើងក្នុងគោលបំណង ធ្វើការហ្វឹកហ្វឺនសាកល្បងដល់ស្ថាប័ននានា ដែលមានការពាក់ព័ន្ធ ដើម្បីជាបទពិសោធន៍លើការងារជួយសង្គ្រោះជនរងគ្រោះ នៅពេលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុ។

នៅក្នុងលំហាត់សមយុទ្ធនេះ ក៏មានការដុតប្រេង និងកង់ឡានចាស់ៗ បង្កើតជាអណ្តាតភ្លើង ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះ ជាប្រធានបទ ក្នុងការធ្វើលំហាត់សមយុទ្ធនេះ។

ការធ្វើលំហាត់សមយុទ្ធនេះ ក៏មានការប្រកាសអាសន្នដល់ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ក្រុមសង្គ្រោះមន្ទីរពេទ្យនានា រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យផងដែរ។

គួរបញ្ជាក់ដែរថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានស្នើទៅក្រសួងព័ត៌មានជួយផ្សព្វផ្សាយព័ត៌មាននេះ ដើម្បីបញ្ចៀសការភ័ន្តច្រឡំពីសាធារណជន ដែលនៅជុំវិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនៅក្នុងរាជធានីភ្នំពេញ៕

មតិយោបល់