ថៃ: ប្រជាពលរដ្ឋថៃគ្រប់រូបសោកសៅ ពេលដែលបាត់បង់ព្រះមហាក្សត្ររបស់ខ្លួន អ្នកខ្លះរំលឹកពីអតីតកាល របស់ព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នៅពេលចុះមកសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងនេះដែលមានបងប្អូនថៃ ឥសាន គាត់បានថតរូបព្រះមហាក្សត្រថៃ នៅពេលទ្រង់ចុះមកផ្សារ ហើយទ្រង់គ្រឿងជាអ្នកលក់នំ “ហយថត” ជាប្រភេទអាហារថៃឥសាន ។
គេហទំព័រ Post news បានដកស្រង់រូបភាពចេញបណ្ដាញសង្គមហ្វេសប៊ុក ខណៈឃើញបងប្អូនថៃ ឥសាន បានបង្ហោះរូបព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុលអាឌុលយ៉ាដេត ទ្រង់បានទ្រង់គ្រឿងជាអ្នកលក់ “ហយថត” ក្នុងការសួរសុខទុក្ខនឹងបង្ហាញពីក្ដីស្រលាញ់ជូនចំពោះបងប្អូនថៃ ឥសាន គ្រប់រូប ព្រោះព្រះអង្គមិនបានភ្លេចពួកគេឡើយ ទ្រង់តែងតែយកចិត្តទុក្ខដាក់ចំពោះពួកគាត់ បើទោះបីជាទ្រង់ត្រូវយាងទៅផ្សារ ដែលជាទីកន្លែង មិនសូវស្អាតក៏ដោយ ។
សូមជម្រាបបន្ថែមទៀតថា ប្រភេទនំ “ហយថត” ជាប្រភេទនំម្យ៉ាងដែលស្រដៀងទៅនឹង នំបាញ់ឆែវ គេប្រើគ្រឿងផ្សំដូចជា សណ្ដែកបណ្ដុះ ខ្យង ពងមាន់ ទឹកត្រី និង ម្សៅខ្សាយ គេមិនប្រើល្មៀតទេ ។ រីឯវិធីចាក់នំគឺដូចគ្នានិងបាញ់ឆែវដែរ ហើយនំប្រភេទនេះ ជាអាហារដែលប្រជាជនថៃ ជាពិសេស បងប្អូនថៃឥសាននិយមទទួលទានបំផុត ប្រសិនបើលោកអ្នកបានទៅប្រទេសថៃ លោកអ្នកច្បាស់ជាឃើញជនជាតិថៃ លក់នំនេះសឹងតែគ្រប់ទីកន្លែង ៕
មតិយោបល់