សណ្ឋាគារដ៏ប្រណិតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសណ្ឋាគារលំដាប់ផ្កាយ ៥ Rosewood Phnom Penh ដែលនឹងកាន់កាប់ ១៤ជាន់កំពូល គ្រោងបើកដំណើរការនៅត្រីមាសទី ២ ឆ្នាំ ២០១៧ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។
លោក Daniel Grau អគ្គនាយកគ្រប់គ្រងសណ្ឋាគារ Rosewood Phnom Penh បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា សណ្ឋាគារលំដាប់ផ្កាយ ៥នេះ ជាសណ្ឋាគារប្រណីតដំបូងគេនៅភ្នំពេញ ដែលយកចំណែកខាងលើ នៃអគារវឌ្ឍនៈមកវិនិយោគ ហើយសណ្ឋាគារនេះទើបតែមានពីរកន្លែង ប៉ុណ្ណោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺមួយនៅ ប៉េកាំង និងមួយទៀតនៅកម្ពុជា។
រចនាបថនៃសណ្ឋាគារនេះយកលំនាំតាម បណ្តាសណ្ឋាគារក្នុងតំបន់ រួមមានភូកេត ប្រទេសថៃ ហ្លួងព្រះបាង ប្រទេសឡាវ កោះបាលីប្រទេសឥណ្ឌូណេស៊ី ក្រុងសាន់យ៉ានៃ កោះហៃណាន ហ្គងស៊ូនៃទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ចាហ្កាតា ប្រទេសឥណ្ឌូណេស៊ីជាដើម។
ផ្នែកខាងក្នុងនៃសណ្ឋាគារលំដាប់ផ្កាយ ៥នេះផងដែរ រួមមាន បន្ទប់ស្នាក់នៅចំនួន ១៧៥បន្ទប់ សាលប្រជុំ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត ស្កាយបារ មជ្ឈមណ្ឌលហាត់ប្រាណ បន្ទប់ស្ប៉ា អាងហែលទឹក ជាដើម។
គួរបញ្ជាក់ផងដែរថា សណ្ឋាគារ Rosewood Phnom Penh ឋិតនៅចាប់ពីជាន់ទី ២៥ ដល់ជាន់ទី ៣៩ នៃអគារវឌ្ឍនៈ(Vattanac Capital Tower One)ដែលមានទីតាំងស្ថិតនៅទល់មុខ ស្ថានីយរថភ្លើងភ្នំពេញ តាមបណ្តោយ មហាវិថីព្រះមុនីវង្ស៕
មតិយោបល់