កំពង់ធំៈ រថយន្តតាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ 2Z-2263 ដឹកឈើធ្នង់ ប្រភេទឈើប្រណីត១គ្រឿង ត្រូវបានសមត្ថកិច្ចមេព្រៃស្ទាក់បង្ក្រាប នៅលើកំណាត់ផ្លូវជាតិលេខ ៦២ ស្ថិតនៅក្នុងភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។
យោងតាមចម្លើយរបស់ឈ្មោះ លុយ សុគា អាយុ៣០ឆ្នាំ ជាអ្នកបើកបរ និងកម្មករម្នាក់ទៀតឈ្មោះ សុខ ឈី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រាប់ឲ្យដឹងថា រូបគេបានស៊ីឈ្នួល ដឹកឈើឲ្យថៅកែម្នាក់ឈ្មោះ ធី ហើយឈើនេះ ដឹកចេញពីខេត្តព្រះវិហារ ទៅភ្នំពេញ។ ករណីបទល្មើសនេះ ត្រូវគេបញ្ជូនមកផ្នែករដ្ឋបាលព្រៃឈើស្ទោង រួមទាំងអ្នកបើកបរ និងកម្មករនោះផង មិនទាន់ដឹងថា ចំណាត់ការបន្តនោះ ដូចម្ដេចឡើយ។
ទាក់ទងនឹងការបង្ក្រាបបទល្មើសឈើខាងលើនេះ ត្រូវបានមតិសាធារណជន មើលឃើញថា ជាការអន្តរាគមន៍ឲ្យចាប់ពីថ្នាក់លើ ឬស្ថាប័នណាមួយ ឬជាការកុងកាច់ អ្វីមួយហើយ ទើបមានការបង្ក្រាបឈើ ឈ្មោះ ធី នេះ ព្រោះឈ្មោះ ធីនេះ គឺថៅកែធំមួយ ដែលដឹកគ្រឿងសិប្បកម្មគ្មានច្បាប់ និងត្រីងៀតឆ្លៀតពង ដឹកឈើ ប្រណិតនេះ យូរណាស់មកហើយ ចេញពីខេត្តព្រះវិហារនេះ ហើយសមត្ថកិច្ច នៅតាមដងផ្លូវ គឺគ្មាននរណាម្នាក់ដែលមិនស្គាល់ឈ្មោះ ធី នោះទេ រួមទាំងថ្នាក់ដឹកនាំជំនាញក្នុងខេត្តកំពង់ធំផង។
ដោយឡែកបទល្មើសព្រៃឈើ កន្លងមកថ្មីៗនេះ និងបច្ចុប្បន្ន កំពុងកំរើកឡើងវិញហើយ ៦២នេះ ដោយ ឆ្លងកាត់ខេត្តកំពង់ធំ យ៉ាងរលូន ក្រោមដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើ សង្កាត់ប្រសាទបល្ល័ង្គ និងផ្នែក ស្ទោង ដែលមានលោក ភោគ ចិត្រា ជាសង្កាត់ និងលោកតុលា ជានាយផ្នែក ហើយយូរៗឃើញ សមត្ថកិច្ច មេព្រៃបង្ក្រាបម្ដង មិនតុល្យភាពនឹងបទល្មើស ដែលធ្វើឲ្យសាធារណជនយល់ច្រឡំថា បទល្មើសដែល ត្រូវ បង្ក្រាបនោះ គឺមិនត្រូវជាមួយ ចំណែកអ្នកត្រូវ គឺសមត្ថកិច្ចមេព្រៃមិនខ្ចីអើពើរនោះទេ។
គួរបញ្ជាក់ថា សមត្ថកិច្ចរដ្ឋបាលព្រៃផ្នែកស្ទោងមួយរយៈនេះ ត្រូវបានសាធារណជនមើលឃើញថា មានការអសកម្ម ក្នុងការបង្ក្រាប ដោយគេមិនដឹងថា មកពីអសមត្ថភាព ឬក៏មកពីបញ្ហាលុយកាក់ឲ្យប្រាកដនោះទេ ហើយករណីបែបគឺកើតឡើង បន្ទាប់ពីលោកតុង យី នាយផ្នែកនេះ ត្រូវតម្លើងមកកាន់ជានាយខណ្ឌ រដ្ឋបាលព្រៃឈើកំពង់ធំ៕
មតិយោបល់