មជ្ឈមណ្ឌលសេវាកម្មអាជីវកម្ម (bizinfo.center) ត្រូវបានដាក់សម្ពោធនៅថ្ងៃនេះ ក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងជួយសហគ្រាសធុនតូច-មធ្យមទាំងអស់នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខ។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយគម្រោងអភិវឌ្ឍន៍អាជីវកម្មប្រចាំទន្លេមេគង្គ (MBI) រៀបចំបង្កើត មជ្ឈមណ្ឌលនេះឡើង ដើម្បីជួយជ្រោមជ្រែង សហគ្រាសទាំងឡាយ តាមរយៈការផ្តល់ព័ត៌មានទាក់ទងនឹង ការធ្វើធុរៈកិច្ច នីតិវិធី និងច្បាប់ស្តីអំពី ការចុះបញ្ជី និងការស្នើសុំអាជ្ញាប័ណ្ណអាជីវកម្ម និងព័ត៌មានសំខាន់ផ្សេងៗ ពាក់ព័ន្ធលើដំណើរការអាជីវកម្ម។
លោក ចម ប្រសិទ្ធ បានលើកឡើងថា មជ្ឈមណ្ឌលសេវាកម្មអាជីវកម្ម នឹងផ្តល់ភាពងាយស្រួលឲ្យ សហគ្រាសធុនតូច-មធ្យម បានសិក្សាពីទីផ្សារ ក៏ដូចជាឱកាសថាតើ គួរចាប់ផ្តើមអាជីវកម្មឬទេ ស្គាល់ពីដៃគូប្រកួតប្រជែង ជាពិសេសគឺ ស្គាល់ពីនីតិវិធី និងច្បាប់ទាក់ទងនឹង សហគ្រាសធុនតូច-មធ្យម។
លោក ស៊ឹម ចាន់គីរីរ័ត្ន សមាជិកក្រុមប្រឹក្សាភិបាលនៃ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានឲ្យដឹងថា វាជាលើកទី ១ នៅកម្ពុជា នឹងជាមជ្ឈមណ្ឌលដំបូងបង្អស់ ដែលផ្តល់ព័ត៌មាន ផ្តោតលើបទបញ្ញត្តិ សម្រាប់សហគ្រាសធុនតូច-មធ្យម ផ្តល់សេចក្តីណែនាំអំពីការគ្រប់គ្រងអាជីវកម្ម និងព័ត៌មានសំខាន់ៗផ្សេងៗទៀត ដែលជួយឲ្យសហគ្រាសធុនតូច-មធ្យម រីកចម្រើនទៅមុខ។
លើសពីនេះ មជ្ឈមណ្ឌលនេះ ក៏មានគេហទំព័រសម្រាប់គ្រប់គ្រងព័ត៌មានរបស់ សហគ្រាសនីមួយៗ ជួយតភ្ជាប់ សហគ្រាស ទៅកាន់អ្នកផ្តល់សេវាកម្មនានា ឬអ្នកផ្តល់កម្ចីហិរញ្ញប្បទាននានា។
គួរជម្រាបផងដែរថា មជ្ឈមណ្ឌលសេវាកម្មអាជីវកម្ម នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅខែ តុលា ឆ្នាំ ២០១៧ ខាងមុខនេះ៕
មតិយោបល់