ព័ត៌មានជាតិ

តំបន់មួយចំនួនក្នុងខណ្ឌឫស្សីកែវ ដាច់ភ្លើងតាំងពីម៉ោង១០កន្លះ

ភ្នំពេញៈ អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១០៖៣០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីនៅអនុស្ថានីយទី១ (GS1-F13A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដែលស្ថិតនៅ (១)ផ្លូវជាតិលេខ៥ ភូមិមិត្តភាព ភូមិស្ពានខ្ពស់ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (២) ផ្លូវជាតិលេខ៥ ភូមិបឹងសាឡាង ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ទោះជាយ៉ាងណា នៅវេលាម៉ោង១២៖៣០នាទីរសៀលនេះ ក្រុមការងារបច្ចេកទេសបានធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនបានមួយផ្នែកធំហើយ លើកលែងតែនៅទីតាំងមួយចំនួន ដូចជា បន្ទប់ភ្លើងលេខ៨២៣ ភូមិបឹងសាឡាង តំបន់ភ្លើង P1468 ភូមិឃ្លាំងសាំង និងតំបន់ភ្លើងលេខ PT224 ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរអគ្គិសនី មុននេះប៉ុន្មាននាទី។

ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ ខាងលើនេះ ត្រូវអគ្គិសនីកម្ពុជា បញ្ជាក់ថា មូលហេតុបណ្តាលមកពីមានបញ្ហាកំហូចកាបក្រោមដីខ្សែបណ្តាញតង់ស្យុងមធ្យម (MV)។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

edc

មតិយោបល់