ក្រសួងពាណិជ្ជកម្ម បានបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរ កាលពីពេលថ្មីៗនេះ ក្នុងគោលបំណងលើកស្ទួយ និងទាក់ទាញការគាំទ្រផលិតផលខ្មែរពីសំណាក់ប្រជាពលរដ្ឋ និងឲ្យស្គាល់កាន់តែច្បាស់ពីផលិតផលខ្មែរ។
យុទ្ធនាការទិញផលិតផលខ្មែរ របស់ក្រសួងពាណិជ្ជកម្ម គឺជាសំឡេងជួងពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ ឲ្យងាកមកប្រើប្រាស់ទំនិញក្នុងស្រុក កាត់បន្ថយការនាំចូលទំនិញពីបរទេស និងជម្រុញការនាំចេញផលិតផលខ្មែរទៅក្រៅប្រទេស ជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ និងធ្វើពិពិធកម្មវិស័យសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការលើកឡើងរបស់ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។
លើសពីនេះទៅទៀត យុទ្ធនាការនេះ នឹងជួយពង្រឹងសហគ្រាសក្នុងស្រុក ឲ្យប្រឹងប្រែងផលិតទំនិញមានគុណភាព និងសុវត្ថិភាពខ្ពស់ សោភ័ណភាពទាក់ទាញ ព្រមទាំងតម្លៃសមរម្យ ដើម្បីប្រកួតប្រជែងជាមួយទំនិញនាំចូល។
នៅក្នុងពិព័រណ៍ផលិតផលខ្មែរ ក៏មានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលដល់ធុរជន និងម្ចាស់សហគ្រាសនានា អំពីការពង្រឹងគុណភាព និងសោភ័ណភាពផលិតផលផងដែរ។
ទន្ទឹងនឹងនេះ ដើម្បីអនុវត្តគោលនយោបាយនេះឲ្យបានជោគជ័យ ផលិតករ ពាណិជ្ជករត្រូវយកចិត្តទុកដាក់លើ គុណភាព សុវត្ថិភាពខ្ពស់ស្របតាមបទដ្ឋានស្តង់ដារត្រឹមត្រូវ សោភ័ណភាព ភាពទាក់ទាញលើការវេចខ្ចប់ មានស្លាកពាណិជ្ជនាមនិងចុះបញ្ជីត្រឹមត្រូវ មានតម្លៃសមរម្យ ជាពិសេសត្រូវសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមតាំងពិព័រណ៍បង្ហាញផលិតផលខ្មែរ និងព្រឹត្តិការណ៍ពាណិជ្ជកម្មនានា។
គួរបញ្ជាក់ដែរថា ពិព័រណ៍នេះ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ ទី ៣០ ខែតុលា ឆ្នាំ ២០១៦ ដែលមានការចូលរួមតាំងបង្ហាញផលិតផលរបស់ខ្មែរជាង ២០០ស្តង់៕

មតិយោបល់