ព័ត៌មានសេដ្ឋកិច្ច

ស៊ុន ចាន់ថុល៖ លែងចង់លឺ «ធ្វើផ្លូវជាប់រហូត» និង «ចាក់ស្តើងស៊ីក្រាស់»

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាស និងសំនូមពរដល់មន្ត្រីទាំងអស់ដែលកសាងផ្លូវ ធ្វើយ៉ាងណាឲ្យមានគុណភាព ព្រោះថ្នាក់ដឹកនាំ លែងចង់លឺពាក្យតិះទៀនថា ក្រសួងសាធារណការ នឹងដឹកជញ្ជូន ធ្វើផ្លូវជាប់រហូត និង ចាក់ស្តើងស៊ីក្រាស់ ទៀតហើយ។ នេះបើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល កាលពីព្រឹកមិញនេះ។

លោកបន្តថា «វាដល់ពេលវេលាហើយ ដែលត្រូវធ្វើផ្លូវតាមបច្ចេកទេស មិនមែនធ្វើខាងមុខ ខូចខាងក្រោយ ធ្វើខាងក្រោយ ខូចខាងមុខទៀតនោះទេ គឺត្រូវធ្វើឲ្យជាប់បានយូរ ជាប់តាមបច្ចេកទេស និងរឹងមាំបានយូរ»។

លើសពីនេះទៅទៀត ក្រុមហ៊ុនដៃគូសហការសាងសង់ផ្លូវ ត្រូវតែសាងសង់ឲ្យបានត្រឹមត្រូវទៅតាមក្បួនខ្នាតបច្ចេកទេស ទើបទទួលយកបាន បើមិនដូច្នោះ ក្រុមហ៊ុនដែលសាងសង់ខុសបច្ចេកទេស ត្រូវកែតម្រូវឡើងវិញ។

ជាចុងក្រោយ លោកក៏បានផ្តល់ម៉ូតូកង់បី ២គ្រឿង ដែលមានឧបករណ៍ជួសជុលសំបុកមាន់ ដល់ខេត្តព្រះសីហនុ ហើយក៏សំនូមពរឲ្យជួសជុលសំបុកមាន់តូច ឲ្យរួចរាល់ មុនវារីកធំ ព្រោះបើវារីកធំ នឹងចំណាយថវិកាច្រើន។

គួរបញ្ជាក់ដែរថា ម៉ូតូកង់បី សម្រាប់ជួសជុលសំបុកមាន់ បច្ចុប្បន្នមាន ៦៥គ្រឿងទូទាំងខេត្តក្រុង ហើយគ្រោងនឹងថែម ២០០គ្រឿងទៀត ក្នុងពេលឆាប់ៗខាងមុខនេះ៕

14570776_593407030843641_8097467489928183151_o

មតិយោបល់