ភ្នំពេញៈ ក្រោយពីបានលើកពេលសវនាការ ដោយសារជនជាប់ចោទបដិសេធមិនទទួលយកលោក ជូង ជូងី មេធាវីចាត់តាំងឱ្យការពារក្តី កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦កន្លងទៅនោះ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ លោក សាន សុផាត ប្រធានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាកាជំនុំជម្រះទោស ជនជាប់ចោទចំនួន១១នាក់ ពាក់ព័ន្ធនឹងសំណុំរឿង ផ្តើមគំនិតក្នុងអំពើក្បត់ និងរួមគំនិតក្បត់។
ជនជាប់ចោទនៃសំណុំរឿងនេះមានចំនួន ១១នាក់ រួមមាន៖
១. ឈ្មោះ សម សេរី ភេទប្រុស (រត់គេចខ្លួន) ២. ឈ្មោះ ឈុន ឆាត ភេទប្រុស ៣.ឈ្មោះ ឡាក់ លីហេង ភេទប្រុស ៤. ឈ្មោះ លីវ យី ភេទប្រុស ៥. ឈ្មោះ ច្រាញ់ ប៉ុច ភេទប្រុស ៦. ឈ្មោះ ឃុន ណាគង់ ភេទប្រុស ៧. ឈ្មោះ ឆាយ វ៉ិត ភេទប្រុស ៨. ឈ្មោះ អាន ចាន់ ភេទប្រុស ៩. ឈ្មោះ ច័ន្ទ ស្នា ភេទប្រុស ១០. ឈ្មោះ ប៉ែន ចាន់រ៉ា ភេទប្រុស ១១. ឈ្មោះ ឈឹម ស្មាក់ ភេទប្រុស ។
ជនជាប់ចោទទាំងអស់ត្រូវបានលោក វង្ស ប៊ុនវិសុទ្ធ តំណាងអយ្យការចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើក្បត់ និងរួមគំនិតក្បត់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០១៤ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការនាព្រឹកនេះជនជាប់ចោទ១០នាក់បានឆ្លើយស្រដៀងៗគ្នាថា ពួកគេបានស្គាល់ជនជាប់ចោទឈ្មោះ សម សេរី នៅប្រទេសថៃ គ្រាដែលពួកគេទៅធ្វើកម្មករសំណង់នៅទីនោះ។ ជនជាប់ចោទបានបន្តថា ឈ្មោះ សម សេរី បានប្រាប់ឱ្យពួកគេប្រមូលម្តុំគ្នានៅមុខស្ថានទូតវៀតណាម នៅក្នុងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដើម្បីធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលវៀតណាម។ ក្រោយពីមកដល់រាជធានីភ្នំពេញ ពួកគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២២ ខែតុលា ចំនួន៥នាក់ និងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ចំនួន៥នាក់ ពាក់ព័ន្ធនឹងរឿងក្បត់ជាតិ តែម្តង។
ជនជាប់ចោទបានបញ្ជាក់នៅក្នុងសវនាការថា ក្រោយពីពួកគេបានទទួលការពន្យល់ពី លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉ ដែលត្រូវជាប់ឃុំដោយសារប្រព្រឹត្តអំពើពុករលួយថា មានតែសម្តេចតេជោ ហ៊ុន សែន ដែលស្រលាញ់ប្រទេសកម្ពុជាពិតប្រាកដ មានតែសម្តេចទេ ដែលអាចជួយប្រទេសកម្ពុជាបាន ហើយលោក ស៊ុត ឌីណា បានពន្យល់ពួកគេពីនយោបាយជាតិ និងអន្តរជាតិរួចមកពួកគេបានដឹងកំហុស និងពួកគេចង់ឱ្យតុលាការ និងមេធាវីថ្មីជួយពួកគេបានចេញទៅវិញ ដើម្បីចូលរួមបម្រើជាតិមាតុភូមិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ទោះជាយ៉ាងណាសំណុំរឿងនេះ ត្រូវបានលោក សាន សុផាត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញលើកពេលនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ៕
https://youtu.be/wr8o0nlnqSc
មតិយោបល់