ភ្នំពេញៈ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រជាពលរដ្ឋភូមិ១៥ និងភូមិ១៦(សហគមន៍អភិវឌ្ឍថ្មី និងរួមចិត្ត) ដែលសព្វថ្ងៃពួកគាត់មានបញ្ហាផ្លូវពិបាកធ្វើដំណើរជាច្រើនឆ្នាំមកហើយ ដែលស្ថិតក្នុងសង្កាត់ទឹកល្អក់១ខាងក្រោយសាលាតិចណូប្រមាណ៤០នាក់ បានមកតវ៉ានៅសាលាខណ្ឌទួលគោកក្នុងគោលបំណង ស្នើសុំឯកឧត្តមអភិបាលខណ្ឌទួលគោកជួយធ្វើផ្លូវបេតុងមួយខ្សែប្រវែងជាង៨០០ម៉ែត្រ។
បន្ទាប់ពីប្រជាពលរដ្ឋទាំងពីរសហគមន៍មកដល់សាលាខណ្ឌប្រមាណ២០នាទី លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងអស់ចូលជួបក្នុងបន្ទប់ប្រជុំ ហើយបានប្រកាសប្រាប់ប្រជាពលរដ្ឋថា សាលាខណ្ឌមិនមានថវិកាសម្រាប់ធ្វើផ្លូវបេតុងជូនបងប្អូនទាំងពីរសហគមន៍ទេ ប៉ុន្តែលោកអភិបាលបានសន្យាផ្ទាល់មាត់ថា លោកនឹងជួយស្ថាបនាជាផ្លូវគ្រួសក្រហមជំនួសវិញ សម្រាប់សហគមន៍ទាំងពីរក្រោយពិធីបុណ្យអុំទូក។
ក្រោយពីបានជជែកគ្នារវាងប្រជាពលរដ្ឋដែលចូលរួមទាំងអស់ក៏បានឯកភាពតាមសំណើររបស់អភិបាលខណ្ឌ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់បានលើកឡើងថា ប្រសិនបើលោកអភិបាលខណ្ឌរូបនេះមិនគោរពតាមសន្យាទេ ពួកគាត់នឹងលើកគ្នាមកតវ៉ានៅសាលាខណ្ឌសាជាថ្មីម្តងទៀត៕
មតិយោបល់