វិនិយោគិនរុស្ស៊ី មកពីក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុនតាត់ណេស តេឡេខម ក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រ ក្រុមហ៊ុនរថយន្តកាម៉ាស់ និងវិនិយោគិនជាច្រើនរូបទៀត បានបង្ហាញពីចំណាប់អារម្មណ៍លើ ឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយនៅព្រឹកនេះ។
លោក Nikolay Nikiforov រដ្ឋមន្រ្តីទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយនៃសហព័ន្ធរុស្ស៊ី និងលោក Rustam Minnikhanov ប្រធានរដ្ឋ Tatarstan នៃសហព័ន្ធរុស្ស៊ី បានជួបពិភាក្សាជាមួយសម្តេចតេជោ ពីឱកាសវិនិយោគនៅកម្ពុជា ទិសដៅជម្រុញទំហំពាណិជ្ជកម្ម នឹងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
សហព័ន្ធរុស្ស៊ី ត្រូវបានចាត់ទុកជាមិត្តចាស់ តាំងពីទសវត្សទី ៥០ ហើយដើរតួនាទីយ៉ាងសកម្ម ក្នុងការចូលរួមកសាងកម្ពុជា ដែលមានសមិទ្ធផលដូចជា ផ្លូវថ្នល់ សាលាតិចណូ និងមន្ទីរពេទ្យរុស្ស៊ីជាដើម។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានបោះជំហានទៅមុខជាលំដាប់ ហើយសម្តេចតេជោ ក៏ជឿជាក់ ពាណិជ្ជករ និងវិនិយោគិនរុស្ស៊ី នឹងអញ្ជើញមកធ្វើទស្សនកិច្ចជាថ្មីទៀត នៅកម្ពុជា ដើម្បីរកមើលឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា៕
មតិយោបល់