ភ្នំពេញៈ ម្រេចកំពតជាផលិតផលកម្ពុជា ដំបូងបានទទួលពានរង្វាន់ពីគណៈកម្មាធិការអឺរ៉ុប។ ពានរង្វាន់នេះត្រូវបានប្រកាស នៅក្នុងពិធី អបអរសាទរ ស្លាកសញ្ញាសម្គាល់ភូមិសាស្ត្រទំនិញ GI ធ្វើឡើងកាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងបរិវេណប្រតិភូនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា។
បច្ចុប្បន្នការនាំចេញផលិតផលម្រេចកំពត មានការកើនឡើងប្រមាណជាង១០ដង នៃការនាំចេញបើធៀបទៅនឹងបណ្តាឆ្នាំកន្លងមក ដោយសារផលិតផលម្រេចកំពត បានចុះឈ្មោះក្នុងបញ្ជីការនៅក្រសួងពាណិជ្ជកម្ម ដែលមានការទទួលស្គាល់គុណភាពពីទីផ្សារអឺរ៉ុប អង្គការស្បៀងអាហារ កសិកម្មនៃអង្គការសហប្រជាជាតិ ទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំងប្រចាំនៅកម្ពុជា លើគុណភាព និងការផលិតតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ចច អេដហ្គា មានប្រសាសន៍ក្នុងពិធីនេះ តាមរយៈអ្នកបកប្រែភាសាថា ស្លាកសញ្ញាសម្គាល់ភូមិសាស្ត្របានផ្តល់សារៈសំខាន់ច្រើនចំពោះ អ្នកផលិតជាកសិករ និងគាំទ្រដល់ការផលិតលើមុខទំនិញដែលមានគុណភាពល្អ។ លោកបន្តថា គុណភាពដូចជាម្រេចកំពតនេះ គឺជាការបង្ហាញកេរ្តិ៍ឈ្មោះរបស់ផលិតផលខ្លួននៅលើទីផ្សារ ហើយអាចការពារបាននូវការក្លែងបន្លំផ្សេងៗ និងបង្កើនតម្លៃលក់ខ្ពស់ជាងមុន រួមទាំងការធានាដល់អ្នកប្រើប្រាស់បានទៀតផង។
ក្នុងពិធីអបអរសាទរ ស្លាកសញ្ញាសម្គាល់ភូមិសាស្ត្រទំនិញ GI លោកស្រី ទិតរ៉េត កម្រង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្រសួងបានលើកទឹកចិត្តឲ្យកសិករខ្មែរ បង្កើនគុណភាពផលិតផល ដើម្បីដាក់ស្នើសុំចុះឈ្មោះក្នុងបញ្ជីការនៃក្រសួងពាណិជ្ជកម្ម លើផលិតផលរបស់ខ្លួន ជាទំនិញសម្គាល់ភូមិសាស្ត្រដូចផលិតផលម្រេចកំពតនេះដែរ។
គួររំឭកថា ម្រេចកំពត បានចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រ លើកដំបូងបំផុតសម្រាប់ផលិតផលរបស់ប្រទេសកម្ពុជានៅលើទីផ្សារសហភាពអឺរ៉ុប ដែលបានបង្កើតឡើងដោយប្រទេសចំនួន២៨ និងមានទីផ្សារតែមួយសម្រាប់អ្នកប្រើប្រាស់ច្រើនជាង៥០០លាននាក់ ហើយក៏ជាផលិតផលសម្គាល់ភូមិសាស្ត្រដែលមិនមែនជាផលិតផលរបស់សហភាពអឺរ៉ុបទី២០ ដោយទទួលបានការការពារស្របច្បាប់ពីសហភាពអឺរ៉ុប ដែលបានចូលរួមជាមួយនឹងផលិតផលល្បីល្បាញជាច្រើនផ្សេងទៀត៕


មតិយោបល់