ផ្សាររាត្រីធ្វើពីកុងតឺន័រដំបូងបង្អស់នៅកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក នឹងបើកដំណើរការនៅដើមឆ្នាំ ២០១៧ខាងមុខនេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។
លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Skyland បានថ្លែងឲ្យដឹងថា ផ្សាររាត្រីកុងតឺន័រនេះ គឺយកកុងតឺន័រ យកមកវះ ដើម្បីធ្វើជាស្តង់លក់ទំនិញ ដែលជួលក្នុងតំលៃចន្លោះពី ៣០០ ទៅ ៣៥០ដុល្លារអាមេរិកក្នុងមួយខែ។
លោកបន្តថា កុងតឺន័រមួយ អាចវះធ្វើជាស្តង់បាន ២ ទៅ ៤ អាស្រ័យលើប្រវែងកុងតឺន័រនីមួយៗ ហើយវាកាន់តែប្លែក និងទាក់ទាញអតិថិជន ហើយផ្សារនេះស្ថិតនៅលើផ្ទៃដីទំហំប្រមាណ ១ហិកតា មានទីតាំងនៅចន្លោះអគារប៊ូឌីញ ស ពោលគឺស្ថិតនៅទល់មុខអគាររដ្ឋសភាជាតិ និងស្ថិតនៅក្រោយភោជនីយដ្ឋាន Jet Plus។
ផ្សាររាត្រីកុងតឺន័រនេះ នឹងលក់ទំនិញចម្រុះ ពិសេសទំនិញមកពីប្រទេសថៃ និងមានលក់ម្ហូបអាហារ មានកន្លែងកាត់សក់ មានបារតូចៗ និងទំនិញទាក់ទាញមួយចំនួនទៀត ដើម្បីធ្វើឲ្យផ្សារនេះមានលក្ខណៈរស់រវើក។
គួរបញ្ជាក់ដែរថា រហូតមកទល់ពេលនេះ ការនាំយកកុងតឺន័រមកដាក់នៅទីតាំងផ្សារនេះ សម្រេចបានពាក់កណ្តាលហើយ រំពឹងនឹងបញ្ចប់នៅពេលឆាប់ៗនេះ ហើយផ្សារនេះនឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត ព្រោះជាគោលដៅចង់រួមចំណែក ជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ជាតិ៕
មតិយោបល់