ក្រោយការជួបពិភាក្សារវាងលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងប្រជាពលរដ្ឋប្រមាណ ៤០០គ្រួសារ លើបញ្ហាការអភិវឌ្ឍន៍អគារប៊ូឌីញនេះ គឺប្រជាពលរដ្ឋ យល់ព្រមលក់ ក្នុងតម្លៃ ១៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
ពលរដ្ឋទាំងអស់ នឹងចាប់ផ្តើមចាកចេញចាប់ពីថ្ងៃទី ៦ មិថុនា ដល់ ទី ៦ កក្កដា ខាងមុខនេះ ដោយទទួលបានប្រាក់ឧបត្ថម្ភ ១០០ដុល្លារអាមេរិក សម្រាប់ការរើឥវ៉ាន់។
សម្រាប់ការអភិវឌ្ឍន៍អគារថ្មី ក្រសួង នឹងសហការជាមួយក្រុមហ៊ុនArakawa ចាប់ផ្តើមសាងសង់លើគម្រោងសាងសង់អគារថ្មី ២១ជាន់ ដោយចំណាយទឹកប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក។
អគារថ្មីនេះ នឹងមានចំណតចំនួន ៣ជាន់, កន្លែងលក់ដូរ ១ជាន់ និងកន្លែងស្នាក់នៅ ៥ជាន់ ហើយចាប់ពីជាន់ទី ៩ឡើងទៅ ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុន Arakawa។
គម្រោងនេះ នឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៤ឆ្នាំ ដោយប្រជាជនអាចផ្លាស់ទៅស្នាក់នៅបណ្តោះអាសន្ន ក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ម្តុំទឹកថ្លា។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ធ្លាប់បានលើកឡើងដែរថា អគារនេះ មានលក្ខណៈចាស់ទ្រុឌទ្រោមខ្លាំង ដែលអាចបាក់ស្រុត និងបង្កជាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។
គួរបញ្ជាក់ថា ស្ថាបត្យករខ្មែរ លោក លូ បានហាប់ បានចាប់ដៃគូជាមួយនឹង ស្ថាបត្យកររុស្ស៊ីលោកVladimir Bodiansky រចនាអគារនេះឡើង និងសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ១៩៦៣៕
មតិយោបល់