កម្ពុជា រំពឹងទទួលភ្ញៀវទេសចរចិនប្រមាណជិត ១លាននាក់ ត្រឹមដំណាច់ឆ្នាំ ២០១៦នេះ ដែលការកើនឡើងនេះ អាចបង្ហាញពីលទ្ធផលនៃការបន្ថែមជើងហោះហើរត្រង់រវាងប្រទេសកម្ពុជា-ចិនផងដែរ។ នេះបើយោងតាមការឲ្យដឹងពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
លោកបន្តថា កម្ពុជា អាចនឹងទទួលបានភ្ញៀវទេសចរណ៍ ៥លាននាក់នៅដំណាច់ឆ្នាំនេះ នឹងប្តេជ្ញាស្វាគមន៍ភ្ញៀវទេសចរបរទេសឲ្យបាន ៧លាននាក់ ត្រឹមឆ្នាំ ២០២០ ដែលក្នុងនោះ ២លាននាក់ ជាភ្ញៀវជនជាតិចិន។
គិតត្រឹម ៨ខែ ឆ្នាំ ២០១៦នេះ ភ្ញៀវទេសចរណ៍ជាង ៣.២លាននាក់ បានមកទស្សនាព្រះរាជាណាចក្រកម្ពុជា ហើយភ្ញៀវទេសចរណ៍ជប៉ុនកើនឡើង ២ ទៅ ៣ភាគរយ ដោយសារការដាក់ដំណើរការជើងហោះហើរត្រង់កម្ពុជា-ជប៉ុនផងដែរ។
គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៥កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ប្រមាណ ៤.៥លាននាក់ ដែលមានភ្ញៀវទេសចរចិនប្រមាណ ៨សែននាក់៕
មតិយោបល់