ភ្នំពេញ:នៅក្នុងឱកាសនៃការចាប់ផ្តើម បំពេញបេសកកម្មថ្មីនៅកម្ពុជា លោក អាឡិចហ្សង់ ហ្វីន តំណាងថ្មី នៃអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានកោតសសើរចំពោះសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបាន ជាពិសេស កំណើនសេដ្ឋកិច្ចក្នុងល្បឿនលឿនរបស់កម្ពុជា នារយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ។ លោក អាឡិចហ្សង់ ហ្វីន បានប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំបំពេញបេសកកម្មរបស់ខ្លួន តាមអាណត្តិកិច្ចរបស់អង្គការ FAO ដើម្បីបន្តរួមចំណែកគាំទ្ររាជរដ្ឋាភិបាល លើការបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាបន្តទៀត។
មានប្រសាសន៍ជំនួបពិភាក្សាការងារនេះ លោកទេសរដ្ឋមន្រ្តី បានថ្លែងស្វាគមន៍ និងអបអរសាទរចំពោះលោក អាឡិចហ្សង់ ហ្វីន ដែលត្រូវបានតែងតាំងជាតំណាងថ្មីនៃអង្គការ FAO ប្រចាំកម្ពុជា ដែលជាបេសកកម្មដ៏មានសារៈសំខាន់។
លោកទេសរដ្ឋមន្រ្តីបានបន្តថា កន្លងមកអង្គការ FAO បានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រការអភិវឌ្ឍកសិកម្មនៅកម្ពុជា តាមរយៈការអភិវឌ្ឍសមត្ថភាពស្ថាប័ន ធនធានមនុស្ស និងការផ្តល់ជំនួយការបច្ចេកទេស។ កម្ពុជាទទួលរងការហ៊ុមព័ទ្ធ និងឯកោនយោបាយ និងសេដ្ឋកិច្ច ហើយមានដៃគូអភិវឌ្ឍន៍តិចតួចណាស់ ដែលបានចូលមកជួយកម្ពុជាក្នុងដំណាក់កាលនោះ ដោយក្នុងនោះ ក៏មានអង្គការ FAO ផងដែរ។
លោកទេសរដ្ឋមន្រ្តី បានបន្តថា ក្នុងដំណាក់កាលអភិវឌ្ឍន៍បច្ចុប្បន្ន កសិកម្មនៅតែជាវិស័យអាទិភាពដែលត្រូវបន្តជំរុញ និងអភិវឌ្ឍដើម្បីសមាហរណកម្មទៅកាន់ទីផ្សារកសិកម្មទាំងកម្រិតតំបន់ និងពិភពលោក ហើយវិស័យកសិកម្មនៅតែមានសក្តានុពលខ្ពស់សម្រាប់កម្ពុជា បើទោះជាបម្រែបម្រួលអាកាសធាតុកំពុងក្លាយជាបញ្ហាប្រឈមថ្មីក៏ដោយ។ គោលនយោបាយអភិវឌ្ឍន៍កសិកម្ម របស់រាជរដ្ឋាភិបាល កំពុងផ្តោតជាសំខាន់ទៅលើការបង្កើនផលិតភាពកសិកម្ម ពិពិធកម្មកសិកម្ម និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម។
សូមជម្រាបថា នៅក្នុងរយៈកាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ អង្គការស្បៀងអាហារ និងកសិកម្ម បានជួយដល់កម្ពុជាចំនួន២៨លានដុល្លារ តាមរយៈគំរោងចំនួន៣៧ ដោយក្នុងគំរោង៣៧នេះ គឺមានគំរោងចំនួន២៦ ដែលត្រូវបានអនុវត្តចប់សព្វគ្រប់ និងចំនួន១១គំរោងទៀត៕
មតិយោបល់