ព័ត៌មានសេដ្ឋកិច្ច

ជើងហោះហើរត្រង់ សៀមរាប-ប៉េកាំង នឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី ៦ ខែធ្នូ តទៅ

ជើងហោះហើរត្រង់ សៀមរាប-ប៉េកាំង នឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី ៦ ខែធ្នូ ខាងមុខនេះតទៅ ដែលប្រតិបត្តិការដោយ ក្រុមហ៊ុន Cambodia Angkor Air។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Cambodia Angkor Air ចេញផ្សាយនៅថ្ងៃនេះ។

ការបន្ថែមជើងហោះហើរនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរចិន មកកម្ពុជា ដែលពួកគេអាចធ្វើដំណើរពីទីក្រុងប៉េកាំង មកកាន់ទឹកដីអង្គរ ខេត្តសៀមរាប ដោយប្រើពេលតែ ៥ម៉ោងប៉ុណ្ណោះ។

ជើងហោះហើរនេះ នឹងផ្សារភ្ជាប់ កម្ពុជា-ចិន បន្ថែមពីលើជើងហោះហើរទៅកាន់ខេត្ត Guangzhou និង Shanghai ដែលនឹងប្រតិបត្តិការ ៣ជើង ក្នុង១សប្តាហ៍ ដោយប្រើយន្តហោះ Airbus A320 នឹងអាចផ្ទុកអ្នកដំណើរ ១៨០នាក់។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងដែរថា បច្ចុប្បន្នមានជើងហោះហើរត្រង់ចំនួន ១០ រវាងខេត្តមួយចំនួននៅប្រទេសចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយគម្រោងភ្ជាប់ជើងហោះហើរត្រង់មកខេត្តព្រះសីហនុ និងខេត្តសៀមរាបនេះ អាចជាជើងហោះហើរត្រង់ទី ១១ និងទី ១២ រវាងចិន-កម្ពុជា៕

 

មតិយោបល់