នៅឆ្នំា ២០១៨នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជំរុញល្បឿនការដំាដុះបន្លែផ្លែឈើ ឱ្យបាន ៦ម៉ឺនតោនក្នុងមួយឆ្នាំៗ ដើម្បីឆ្លើយតបសេចក្តីត្រូវការក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក និងកាត់បន្ថយការនាំចូល។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងបានចាប់ផ្តើមពិភាក្សាជាមួយ គ្រប់ប្រធានមន្ទីរកសិកម្មគ្រប់ខេត្ត ដើម្បីឈានទៅអនុវត្តន៍ផែនការ ផលិតបន្លែក្នុងស្រុកឱ្យបានចំនួន ៦ម៉ឺនតោន ក្នុងមួយឆ្នាំៗ សម្រាប់បំពេញតម្រូវការទីផ្សារកម្ពុជា។
រាជរដ្ឋាភិបាល គ្រោងផ្តល់កញ្ចប់ថវិការហូតដល់ ៣០លានដុល្លារអាមេរិក ដើម្បីសម្រេចផែនការ ផលិតបន្លែក្នុងស្រុកឱ្យបានចំនួន ៦ម៉ឺនតោននេះ។
ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាល នឹងជួយផ្នែកបច្ចេកទេស ប្រព័ន្ធធារាសាស្រ្ត ដើម្បីបង្កលក្ខណៈ ងាយស្រួលចំពោះកសិករ ដែលមានដីចម្ការធ្វើដោយគ្មានជាតិគីមី តាមរយៈធ្វើកិច្ចសន្យា ប្រមូលទិញ និងការចរចាតម្លៃគ្នា។
កម្ពុជាសង្ឃឹមថា ផែនការនេះ នឹងជួយកាត់បន្ថយការនាំចូល បន្លែផ្លែឈើពីក្រៅប្រទេស ចាប់ពីឆ្នាំ២០១៩ខាងមុខនេះតទៅ។
បច្ចុប្បន្ននេះ កម្ពុជាបាននាំចូលបន្លែចម្រុះ ពីក្រៅប្រទេសមានចំនួន ២០០តោន ទៅជាង ៤០០តោន ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយបន្លែទាំងនោះ ភាគច្រើននាំចូលពីប្រទេសវៀតណាម និងប្រទេសថៃ ដែលកម្ពុជាបានចំណាយ ថវិកាជាង ២០០លានដុល្លារ ក្នុងមួយឆ្នាំៗ៕
មតិយោបល់