ព័ត៌មានសុខភាព

ក្មេងអាយុក្រោម៣ខែ កុំឲ្យនរណាថើបមាត់ឲ្យសោះ!

ឪពុកម្តាយគ្រប់រូបត្រូវដឹងថា ទារកដែលទើបនឹងកើតងាយឆ្លងជំងឺខ្លាំងណាស់តាមរយៈការថើប ព្រោះប្រព័ន្ធភាពស៊ាំរបស់ពួកគេមិនទាន់អភិវឌ្ឍរហូតដល់អាយុ ៦ទៅ៧សប្តាហ៍។ ដូច្នេះក្នុងចំណាក់កាលនេះអ្នកគួរតែហាមឃាត់មិនឲ្យនរណាម្នាក់ថើបកូនរបស់អ្នកឡើយ ជាពិសេសអ្នកដែលមានជំងឺផ្កាសាយ ក្អក កណ្តាស់ និងហៀរសំបោរ ព្រោះមេរោគអាចឆ្លងទៅទារកបានយ៉ាងងាយ។

ម្យ៉ាងវិញទៀត ប្រសិនអ្នកមានជំងឺប៉េស(Herpes) វានឹងឆ្លងរីករាលដាលទៅមាត់ ចង្ការ និងថ្ពាល់ទារកយ៉ាងឆាប់រហ័ស ហើយទារកអាចនឹងគ្រោះថ្នាក់ដល់ជិវិត។ តាមរយៈគេហទំព័រ perfectz បានចុះផ្សាយបង្ហាញថា ប្រជាជនអាមេរិកប្រមាណជា៩០ភាគរយបានឆ្លងជំងឺនេះ។

ជំងឺប៉េសបង្កឡើងដោយមេរោគ Herpes Simplex Virus ដែលអាចចម្លងទៅកុមារតាមរយៈ កែវទឹក ប្រដាប់ក្មេងលេង និងការថើបមាត់ដោយផ្ទាល់។ នៅពេលដែលជំងឺនេះឆ្លងភ្លាមៗ វាមិនទាន់ធ្វើទុកអ្វីនោះទេ ប៉ុន្តែទារកអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើជំងឺរាលដាលពេញផ្នែកផ្សេងៗនៃរាងកាយទារក។

បើយោងតាមមជ្ឈមណ្ឌល់ Baby Center បានបង្ហាញផងដែរថា ជំងឺប៉េស អាចឆ្លងចូលទៅកាន់ខួរក្បាល និងសរីរាង្គផ្សេងៗទៀត ដែលបណ្តោលឲ្យទារកមានអការៈឈឺចាប់ធ្ងន់ធ្ងររហូតដល់ស្លាប់បាន។ ដូច្នេះ ក្នុងរយៈពេលទារកមានអាយុក្រោម៣ខែ អ្នកមិនត្រូវឲ្យនរណាម្នាក់ថើបមាត់របស់ពួកគេឡើយ។

គួរបញ្ជាក់ដែរថា មានទារកប្រហែលជា ១៥០០ ទៅ ២២០០នាក់ បានឆ្លងជំងឺប៉េសជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក។ ក្នុងនោះមានករណីធ្ងន់ធ្ងររហូតដល់ទៅ ៨៥ភាគរយ ដែលត្រូវការព្យាបាលដោយយកចិត្តទុកដាក់ខ្លាំងបំផុត៕

មតិយោបល់