ព័ត៌មានសុខភាព

ស្វាមីល្អគួរធ្វើរឿង៦ចំណុច ពេលប្រពន្ធមករដូវ

បរទេសៈ បុរសភាគច្រើនមិនយល់ថា ការមករដូវគឺជាអ្វីនោះទេ មានតែមនុស្សស្រីដូចគ្នាប៉ុណ្ណោះ ទើបយល់ពីអារម្មណ៍មួយនេះ។ ការមករដូវអាចធ្វើឲ្យមុស្សស្រីគ្រប់រូបពិបាកក្នុងខ្លួន ដោយសារតែមាន ការផ្លាស់ប្តូរអ័រម៉ូន និងបាត់បង់ឈាម។ លើសពីនេះទៅទៀត អ្នកគួរតែដឹងថា ក្នុងអំឡុងពេលនេះ ស្ត្រីអាចបាត់បង់ថាមពល និងសារជាតិអាហាររូបត្ថម្ភជាច្រើន ព្រមទាំងនៅមានរោគសញ្ញាមួយចំនួនទៀត ដែលអាចកើតមានឡើងក្នុងពេលមករដូវ៖

– ឈឺក្បាលធ្ងន់ធ្ងរ
– ឈឺចុកចាប់ក្នុងពោះ
– អារម្មណ៍អន្ទះអន្ទែង
– ផ្លាស់ប្តូរចំណង់អាហារ
– ឈឺចាប់ក្នុងតំបន់បន្តពូជ
– អស់កម្លាំង និងងងុយគេង…

ទាំងអស់នេះហើយ គឺជាដើមហេតុដែលធ្វើឲ្យមនុស្សស្រីចេះតែមិនស្រួល ឬមានអារម្មណ៍មួរម៉ៅច្រើន ខុសពីធម្មតា។ ប៉ុន្តែក្នុងនាមអ្នកជាស្វាមីដ៏ល្អមួយរូប អ្នកត្រូវបំពេញតួនាទីមួយចំនួនដូចខាងក្រោម៖

– ការសរសើរពីភាពពិសេសរបស់នាង ដែលការសរសើរពីមនុស្សជាទីស្រឡាញ់ គឺជាវិធីមួយដែលអាចជួយ លួងលោមចិត្តរបស់នាងឲ្យមានអារម្មណ៍ស្រស់ថ្លាឡើងវិញ និងមានភាពកក្តៅក្នុងចិត្តជានិច្ច។

– ជួយធ្វើកិច្ចការផ្ទះជំនួសនាង នៅពេលដែលនាងមានភាពតានតឹង អ្នកត្រូវចេះជួយចែករំលែកការងារ គ្រប់បែបយ៉ាងនៅក្នុងផ្ទះ រួមទាំងក្តីព្រួយបារម្ភ និងផ្តល់ពេលវេលាឲ្យនាងបានសម្រាក់គ្រប់គ្រាន់។

– ធ្វើឲ្យនាងដឹងថា អ្នកខ្វល់ខ្វាយពីនាងគ្រប់ពេល បង្ហាញពីក្តីបារម្ភប្រាប់ដល់នាងថា អ្នកពិតជាខ្វល់ខ្វាយ ពីនាងជានិច្ច ដោយមិនចង់ទៅណាឆ្ងាយពីនាង ឬជួយម៉ាស្សាឲ្យនាងឆាប់គេងលក់។

– ធ្វើឲ្យនាងមានមនោរសញ្ចេតនាមិនអាចបំភ្លេចបាន បង្ហាញឲ្យនាងដឹងថា អ្នកពិតជាពេញចិត្តនឹងមើល ថែទាំនាងគ្រប់ពេល ជាពិសេសត្រូវហ៊ានពោលពាក្យមួយឃ្លាថា នាងគឺជាប្រពន្ធដ៏ល្អបំផុត។ តែប្រសិនបើ អ្នកនៅឆ្ងាយពីគ្នា ត្រូវបង្ហាញក្តីព្រួបារម្ភតាមរយៈការផ្ញើរសារ។

– ចម្អិនអាហារសម្រាប់នាង អំឡុងពេលនេះ នាងពិតជាអស់កម្លាំង ធ្វើអ្វីមិនចង់កើតនោះទេ ហេតុនេះអ្នក ត្រូវតែចម្អិនអាហារសម្រាប់នាងប៉ូវសុខភាពឡើងវិញ។

– ត្រូវអត់ធ្មត់ជាមួយនាង ការផ្លាស់ប្តូរអ័រម៉ូនអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តមនុស្សស្រី ដូច្នេះអ្នកត្រូវចេះ អត់ធ្មត់ និងជួយជំរុញគាំទ្រដល់រូបនាងគ្រប់ពេល៕

picture

មតិយោបល់