ក្រុមហ៊ុន Microsoft បានសហការជាមួយក្រសួងពាណិជ្ជកម្ម ចាប់ផ្តើមរៀបចំគម្រោងបកប្រែភាសាខ្មែរ សម្រាប់ដាក់បញ្ចូលក្នុង កម្មវិធីប្រព័ន្ធកុំព្យូទ័រ ដើម្បីជួយជម្រុញឲ្យការប្រើប្រាស់ភាសាខ្មែរបានទូលំទូលាយ និងបានស្គាល់ទូទាំងពិភពលោក។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម។
បច្ចុប្បន្ន គម្រោងនេះកំពុងធ្វើការកែសម្រួល និងជ្រើសរើសអត្ថន័យ និងធាតុចូលជាច្រើនទៀត សម្រាប់បកប្រែជាភាសាខ្មែរ ទៅភាសាអង់គ្លេស ឬភាសាផ្សេងៗទៀតជាង ៦០ភាសា នៅលើពិភពលោក។
គម្រោងដាក់បញ្ជូលភាសាខ្មែរនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋ សិស្ស និស្សិត និងក្រុមហ៊ុនសហគ្រាស ដែលត្រូវការស្រាវជ្រាវរកព័ត៌មានតាមប្រព័ន្ធអនឡាញ ឬតាមគេហទំព័រនានា ហើយអាចជ្រើសរើសភាសាបានតាមតម្រូវការ ក្នុងចំណោមភាសាសរុបជាង ៦០ភាសា។
ការដាក់បញ្ចូលភាសាខ្មែរនេះ នឹងធ្វើជាទូទៅទាក់ទងនឹង វិស័យទេសចរណ៍ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ច្បាប់ ពាណិជ្ជកម្ម និងគ្រប់វិស័យ ហើយជំហានបន្ទាប់ នឹងដាក់បញ្ចូលនូវពាក្យពេចន៍ថ្មីៗជាបន្តបន្ទាប់ ដើម្បីពង្រីកការប្រើប្រាស់កម្មវិធីនេះ ឲ្យបានកាន់តែងាយស្រួលនៅទូទាំងប្រទេស និងទូទាំងសកលលោក។
គួរជម្រាបដែរថា មកទល់ពេលនេះ ក្រុមហ៊ុន Microsoft បានដាក់បញ្ចូលការបកប្រែ និងការប្រើប្រាស់ភាសាជាង ៦០នៅលើពិភពលោក ហើយគម្រោងបកប្រែភាសាខ្មែរនេះ នឹងត្រូវដាក់ឲ្យប្រើសាកល្បង នៅចុងឆ្នាំ ២០១៧នេះ បន្ទាប់ពីការរៀបចំពាក្យពេចន៍អត្ថន័យភាសា ឲ្យបានត្រឹមត្រូវ និងបច្ចេកទេសរួចរាល់៕
មតិយោបល់