ទោះបីជាជំងឺមហារីក ជាជំងឺដ៏កាចសាហាវដែលអាចឆក់យកជីវិតមនុស្សយ៉ាងឆាប់រហ័សក៏ពិតមែន តែលោកអ្នកអាចធ្វើការព្យាបាលឲ្យជាសះស្បើយបាន ប្រសិនបើដឹងពីរោគសញ្ញាដំបូងរបស់វា។ ដូច្នេះការសម្គាល់រោគសញ្ញានៃជំងឺមហារីក ជាកត្តាដ៏ចាំបាច់ក្នុងការការពារជីវិតរបស់លោកអ្នក។ ខាងក្រោមនេះ ជារោគសញ្ញាទាំង១០យ៉ាង ដែលកំពុងប្រាប់ថា អ្នកអាចមានជំងឺមហារីក៖
១. មានស្នាមអុជសៗ ក្នុងមាត់ និងអណ្តាត
ស្នាមអុជសៗ នៅក្នុងមាត់ និងអណ្តាត អាចជាសញ្ញាជំងឺមហារីកដំណាក់កាលដំបូង ដែលកើតឡើងដោយការរលាកស្បែកជាប្រចាំ ការជក់បារី និងការចុកថ្នាំ។ នៅពេលដែលលោកអ្នកមានរោគនេះ មានន័យថា កោសិកាឈាមរបស់អ្នកកំពុងចុះថយជាលំដាប់ហើយ។
២. រដូវមិនទៀង និងហូរទឹករំអិលពីក្បាលដោះ
រដូវមកមិនទៀង ហើយពេលមករដូវម្តងៗខុសធម្មតា ឬការហូរទឹករំអិលពីក្បាលដោះ ជាសញ្ញាដ៏អាក្រក់មួយនៃជំងឺមហារីក។
៣. ស្បែកមានការប្រែប្រួល
ប្រសិនបើ ឫស្ស ប្រជ្រុយ ឬអាចម៍រុយ របស់អ្នកដែលធ្លាប់មានធម្មតា បានប្រែប្រួលទ្រង់ទ្រាយ ទំហំ ឬពណ៌ មានន័យថាលោកអ្នកអាចមានជំងឺមហារីកស្បែក។ ម៉្យាងទៀត បើអ្នកមានអាការៈជាំស្បែក ឡើងអុជក្រហម និងសក់មានការលូតលាស់ខុសធម្មតា ក៏ជាសញ្ញានៃជំងឺមហារីកដែរ។
៤. ពោះវៀនដំណើរការខុសធម្មតា
ក្នុងជីវិតរស់នៅសព្វថ្ងៃ មនុស្សភាគច្រើន ទទួលរងការឈឺក្នុងពោះវៀនក្រពះ ដោយសារការទទួលទានអាហារខុសពេល និងមានជាតិគីមីច្រើន។ ដូច្នេះប្រសិនបើ លោកអ្នកទទួលរងការឈឺចាប់ក្នុងក្រពះពោះវៀន រយៈពេលយូរមិនព្រមបាត់ ក៏អាចជាសញ្ញានៃជំងឺមហារីកដែរ ជាពិសេសជំងឺមហារីកក្រពះ។
៥. បញ្ហាបំពង់ក
ប្រសិនអ្នកមានអាការៈ ស្អក ឈឺទ្រូង ក្អក និងពិបាកដកដង្ហើម ក្នុងរយៈពេលច្រើនជាង ៣សប្តាហ៍ មានន័យថាលោកអ្នកអាចមានជំងឺមហារីកបំពង់អាហារ ក្រពះ និងបំពង់ករ ឬអាចជាជំងឺធ្ងន់ធ្ងរដ៏ទៃទៀត។
៦. មិនចង់ញ៉ាំអាហារ និងស្រកទម្ងន់មិនដឹងមូលហេតុ
ជំងឺមហារីក អាចធ្វើឲ្យលោកអ្នកបាត់បង់ចំណង់លើចំណីអាហារ និងស្រកទម្ងន់ជាលំដាប់ ដោយមេរោគមហារីកកំពុងវាយប្រហារ លំពែក ក្រពះ បំពង់អាហារ និងសួតរបស់អ្នក។
៧. ជាំខ្មៅមិនព្រមបាត់
ស្នាមជាំខ្មៅ ឬពងបែកមាត់ ដែលមិនព្រមជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេលយូរ គឺជាសញ្ញាទូទៅនៃជំងឺមហារីក ក្នុងដំណាក់កាលដំបូង។
៨. ការឈឺចាប់
ប្រសិនបើលោកអ្នក មានការឈឺចាប់គ្រប់កន្លែងសព្វរាងកាយ មានន័យថាមេរោគមហារីក បានវាយលុកពាសពេញសារពាង្គកាយរបស់អ្នករួចទៅហើយ។ ការឈឺចាប់បែបនេះអាចកើតឡើងនៅត្រង់ ឆ្អឹង ឆ្អឹងខ្នង ពងស្វាស ពោះវៀន ក្រពះ និងជើងជាដើម។
៩. ឧស្សាហ៍អស់កម្លាំង
ជំងឺមហារីក មានសញ្ញាដ៏សាមញ្ញមួយដែលមនុស្សជាច្រើនតែងតែមើលរំលង គឺឧស្សាហ៍ងងុយគេង អស់កម្លាំងដោយគ្មានមូលហេតុ។ ទោះបីជាអ្នកបានទទួលទានដំណេកនៅពេលយប់គ្រប់គ្រាន់ហើយក្តី ក៏អ្នកនៅតែមានអារម្មណ៍អស់កម្លាំងនៅពេលព្រឹកដដែល។
១០. ដុះដុំសាច់
មហារីកសុដន់ មហារីកពងស្វាស និងមហារីកកូនកណ្តុរ កើតឡើងភាពច្រើននៅពេលដែលអ្នកមានដុះដុំសាច់នៅលើកន្លែងមួយចំនួនលើស្បែក៕

មតិយោបល់