ព័ត៌មានសេដ្ឋកិច្ច

ចូលឆ្នាំចិន ៣ថ្ងៃ ភ្ញៀវទេសចរជាង ៨ម៉ឺននាក់ មកកម្សាន្តនៅខេត្តព្រះសីហនុ

ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែមករា កន្លងមកនេះ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ​ និងអន្តរជាតិចំនួន ៨៣,០០០នាក់ កើនឡើង ១២ភាគរយធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងថ្ងៃទី ២៧ មានភ្ញៀវទេសចរ ១៦,០០០នាក់ ថ្ងៃទី ២៨ មាន ២៧,០០០នាក់ និងថ្ងៃទី ២៩ មាន ៤០,០០០នាក់។

លោកបន្ថែមថា នៅពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ភ្ញៀវទេសចរ នឹងមកកម្សាន្តកាន់តែច្រើនជាក់ជាមិនខាន ដោយសារខេត្តព្រះសីហនុ បាននិងកំពុងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដូចជា ផ្លូវថ្នល់ សួនច្បារ និងភ្លើងបំភ្លឺផ្លូវជាដើម។

ខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ដែលមានឆ្នេរខ្សាច់ស្អាតពីធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ជាពិសេសមាន កោះជាច្រើនទៀត ដែលជាកន្លែងទេសចរបែបធម្មជាតិ ហើយភ្ញៀវអាចទៅកម្សាន្ត ដោយមិនចាំបាច់ស្នាក់នៅលើកោះក៏បាន។

គួរជម្រាបដែរថា កាលពីឆ្នាំ ២០១៦ នាឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរសរុប ៧៤,០០០នាក់ ក្នុងនោះភ្ញៀវជាតិមានជាង ៦៦ពាន់នាក់៕

មតិយោបល់