នរណាៗក៏ដឹងថា ថ្លើមគឺជាសរីរាង្គដ៏សំខាន់ប្រចាំរាងកាយដែរ ប៉ុន្តែមនុស្សភាគច្រើនមិនបានយកចិត្តទុកដាក់ចំពោះការថែរក្សាថ្លើមនោះឡើយ។ នេះហើយជាមូលហេតុដែលបណ្តោលឲ្យថ្លើមកើតមានជំងឺ ជាពិសេសការទទួលទានរបបអាហារមិនល្អតែម្តង។
បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ជំងឺក្រិនថ្លើមអាចការពារបាន ប្រសិនបើអ្នកទទួលទានអាហារដែលមានសុខភាពល្អជាប្រចាំ។ ខាងក្រោមនេះ គឺជាអាហារដែលអ្នកគួរទទួលទានជាប្រចាំ ដើម្បីរួចផុតពីជំងឺក្រិនថ្លើមៈ
១.អាហារដែលមានផ្ទុកជាតិសរសៃ
ជាតិសរសៃ អាចជួយបន្សាយជាតិពុលចេញពីថ្លើម និងរាងកាយ ហើយវាអាចជួយធ្វើឲ្យមានតុល្យភាពនៃសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់រាងកាយ។ ជាតិសរសៃត្រូវបានគេរកឃើញនៅក្នុងបន្លែបៃតង សណ្តែក ល្ហុងទុំ និងគ្រប់ធញ្ញាជាតិ។ ដូច្នេះ ប្រសិនបើអ្នកទទួលទានអាហារដែលសម្បូរជាតិសរសៃជាប្រចាំ វាមិនត្រឹមតែជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ ថែមទាំងអាចជួយដោះស្រាយបញ្ហាក្រិនថ្លើមថែមទៀត។
២.អាហារដែលសម្បូរសារធាតុ Beta-carotene
ការ៉ុត ត្រូវបានគេរកឃើញថា ជាប្រភពនៃ Beta-carotene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានអនុភាពបំផុត។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះ អាចជួលលុបបំបាត់រ៉ាឌីកាល់សេរីចេញពីរាងកាយ ហើយអាចជួយការពារអ្នកឲ្យជៀសផុតពីជំងឺក្រិនថ្លើមបាន។
៣.អាហារដែលសម្បូរវីតាមីន B C និង E
ត្រី ស៊ុត និងទឹកដោះគោ គឺជាអាហារដែលសម្បូរទៅដោយវីតាមីន B C និង E ដ៏ល្អបំផុតសម្រាប់សុខភាពថ្លើម។ ដូច្នេះ ដើម្បីថែរក្សាថ្លើមឲ្យរួចផុតពីជំងឺ អ្នកគួរតែព្យាយាមទទួលទានជាប្រចាំ។
៤.អាហារដែលសម្បូរអាស៊ីតខ្លាញ់អូមេហ្គា-៣
អាហារដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា-៣ រួមមានត្រីសាលម៉ុង ត្រីសាឌីន ត្រីធុណា និងត្រីឡៃកា ពិតជាមានអត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់ការពារបញ្ហាក្រិនថ្លើម។ មិនតែប៉ុណ្ណោះ អាហារទាំងនេះត្រូវបានគេទទួលស្គាល់ថា អាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ដែលគ្រប់គ្នាគួរតែទទួលទានឲ្យបានញឹកញាប់។
៥.ទឹក
អ្នកមានជំងឺថ្លើម គឺងាយនឹងទទួលរងបញ្ហាខ្សោះជាតិទឹកខ្លាំងបំផុត។ ហេតុនេះ អ្នកគួរតែទទួលទានទឹកឲ្យបាន ១,៥លីត្រ ទៅ ២លីត្រក្នុងមួយថ្ងៃ ដើម្បីរក្សាតុល្យជាតិសំណើមក្នុងរាងកាយ។ ការទទួលទានទឹកបានច្រើន អាចជួយធ្វើឲ្យថ្លើមមានភាពត្រជាក់ និងអាចជួយកម្ចាត់ជាតិបានផងដែរ៕
មតិយោបល់