ព័ត៌មានសុខភាព

ទម្លាប់ចូលគេងដូច៩ចំណុចនេះ ទោះប្រឹងបិតភ្នែកយ៉ាងណាក៏មិនអាចលក់ស្រួលដែរ

មនុស្សទាំងអស់នៅលើពិភពលោក ត្រូវការធ្វើរឿងដ៏ចាំបាច់មួយដូចគ្នា គឺការទទួលទានដំណក។ ប៉ុន្តែដោយសារកត្តាធម្មជាតិ បរិស្ថានជុំវិញខ្លួន និងការងារ បានធ្វើឲ្យមនុស្សភាគច្រើនទម្លាប់ចូលគេងខុសប្រក្រតី ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។ ខាងក្រោមនេះ ជាទម្លាប់ចូលគេងដ៏គ្រោះថា្នក់ ដែលអ្នកគួរតែជៀសវាង៖

១.ទទួលទានទឹកច្រើនពេក
ប្រសិនបើអ្នកទទួលទានទឹក ឬភេសជ្ជៈ ក្នុងអំឡុងពេល១ទៅ២ម៉ោង មុនពេលចូលគេង វាអាចធ្វើឲ្យអ្នកត្រូវក្រោកពីគេងទៅបន្ទប់ទឹក ២ទៅ៣ដង ក្នុង១យប់ ដែលជាហេតុរំខានដល់ការទទួលទានដំណេក។

២.ទម្លាប់គេងមិនទៀងម៉ោង
មនុស្សដែលមិនមានទម្លាប់ចូលគេងឲ្យទៀងម៉ោង ខួរក្បាលរបស់ពួកគេប្រាកដជាដំណើរការមិនប្រក្រតី ដោយសារខួរក្បាលមិនបានទទួលសញ្ញាត្រឹមត្រូវ ក្នុងការបញ្ចេញសារធាតុគីមី ដែលធ្វើឲ្យអ្នកគេងមិនបានគ្រប់គ្រាន់។

៣.ទុកឧបករណ៍អេឡិចត្រូនិចក្បែរខ្លួន
ប្រសិនបើអ្នក មិនបានទុកឧបករណ៍អេឡិចត្រូនិចដូចជា កុំព្យូទ័រ ជាពិសេសស្មាតហ្វូន ឲ្យឆ្ងាយពីខ្លួននៅពេលគេងទេ វាប្រាកដជាធ្វើឲ្យអារម្មណ៍អ្នកនៅមិនសុខ ចង់បើកកុំព្យូទ័រ ឬស្មានហ្វូនដើម្បីលេងហ្វេសប៊ុក ហើយជាពិសេសគឺជាតិវិទ្យុសកម្មដែលចេញពីឧបករណ៍ទាំងនោះ នឹងធ្វើឲ្យអ្នកពិបាកក្នុងការគេង។

៤.ប្រើនាឡិកាមានពន្លឺក្នុងបន្ទប់គេង
មានការសិក្សាជាច្រើនបានបង្ហាញថា មនុស្សដែលគេងក្នុងបន្ទប់គ្មានពន្លឺអ្វីសោះ អាចទទួលទានដំណេកបានយ៉ាងស្កប់ស្កល់ និងមានអារម្មណ៍ស្រស់ថ្លាពេលភ្ញាក់ពីគេង បើបៀបធៀបជាមួយមនុស្សដែលគេងក្នុងបន្ទប់មានពន្លឺ។

៥.កន្លែងគេងគ្មានផាសុខភាព
បើអ្នកប្រើពូក និងខ្នើយ មិនល្អ វាធ្វើឲ្យអ្នកមានការឈឺចាប់នៅពេលគេង និងក្រោយពេលក្រោកពីគេង ដូចជាឈឺខ្នង និងឈឺកជាដើម។ ដូច្នេះ កន្លែងជាកត្តាសំខាន់បំផុត ដែលអ្នកត្រូវចេះរៀបចំឲ្យបានត្រឹមត្រូវ និងសម្អាតឲ្យមានអនាម័យជានិច្ច។

៦.បរិភោគអាហារមុនពេលចូលគេង
ប្រសិនអ្នកបរិភោគអាហារ ក្នុងអំឡុងពេល២ម៉ោង មុនពេលចូលគេង ក្រពះរបស់នឹងនៅតែធ្វើចលនាដើម្បីរំលាយអាហារ ហើយអ្នកនឹងគ្មានអារម្មណ៍ងងុយគេងឡើយ។

៧.មិនដែលហាត់ប្រាណ
មនុស្សដែលមិនសូវធ្វើលំហាត់ប្រាណ ក៏មិនសូវទទួលទានដំណេកបានល្អដែរ។ ផ្ទុយទៅវិញមនុស្សដែលចូលចិត្តធ្វើលំហាត់ប្រាណ មុនពេលចូលគេង៣ម៉ោង ពួកគេប្រាកដជាមានអារម្មណ៍ស្រស់ស្រាយ និងគេងលក់បានយ៉ាងស្កប់ស្កល់។

៨.ទម្លាប់គេងដោះអាវ
ទម្លាប់ចូលគេងដោយមិនពាក់អាវ អាចធ្វើឲ្យមនុស្សមានអារម្មណ៍ត្រជាក់ចុងដៃចុងជើង នៅពេលពាក់កណ្តាលយប់ ដែលអាចរំខានដល់ការទទួលទានដំណេក។ ដូច្នេះ អ្នកគួរតែព្យាយាមពាក់អាវស្តើងៗ ដើម្បីកុំឲ្យរងានៅពេលពាក់កណ្តាលយប់។

៩.មិនមានកាលវិភាគត្រឹមត្រូវ
មនុស្សដែលចេះរៀបចំ កាលវិភាគសម្រាប់ការចូលគេងបានត្រឹមត្រូវ តែងតែទទួលទានដំណេកបានយ៉ាងស្កប់ស្កល់។ កាលវិភាគដែលអ្នកត្រូវរៀបចំ ដូចជាការចូលបន្ទប់ទឹកបត់ដៃបត់ជើងឲ្យហើយ ដុសធ្មេញ លាងមុខឲ្យស្អាត ចាំចូលគេង៕

មតិយោបល់