មូលហេតុចម្បងដែលធ្វើឲ្យអ្នកកើតមានបញ្ហាឈឺក្រពះ គឺការទទួលទានអាហារគ្មានពេលវេលាច្បាស់លាស់ និងមិនយកចិត្តទុកដាក់ចំពោះសុវត្ថិភាពចំណីអាហារ។ ហេតុនេះហើយ អ្នកជំនាញបានផ្តល់ដំបូលន្មានថា ដើម្បីកុំឲ្យចំណាយប្រាក់ច្រើនទៅលើការព្យាបាលជំងឺ ព្រមទាំងខាតបង់ប្រយោជន៍ផ្ទាល់ខ្លួនទៀតនោះ អ្នកគួរតែការពារប្រសើរជាងព្យាបាល។

ខាងក្រោមនេះ គឺជាគន្លឹះ៥យ៉ាង ដែលអាចជួយការពារក្រពះរបស់អ្នកឲ្យមានសុខភាពល្អៈ
១.យកចិត្តទុកដាក់ចំពោះអនាម័យចំណីអាហារ
ក្រុមអ្នកជំនាញបានរំលឹកថា មុននឹងចាប់កាន់ចំណីអាហារ អ្នកត្រូវលាងសម្អាតដៃជាមួយសាប៊ូជាមុនសិន ដើម្បីកម្ចាត់បាក់តេរី ឬភាពកខ្វក់ផ្សេងៗ។ ស្របពេលជាមួយគ្នានេះផងដែរ អ្នកត្រូវចងចាំថា ក្រពះចូលចិត្តអាហារក្តៅឧណ្ឌៗ តែមិនត្រូវធាតុត្រជាក់នោះទេ។ ដូច្នេះ អ្នកមិនគួរបរិភោគអាហារត្រជាក់ពេក ឬកកនោះឡើយ។
២.ទទួលទានទឹកឲ្យបានត្រឹមត្រូវ
មនុស្សភាគច្រើនប្រហែលជាមិនទាន់ដឹងពីរបៀបទទួលទានទឹកឲ្យបានត្រឹមត្រូវនោះទេ បើតាមក្រុមអ្នកជំនាញបានបង្ហាញថា ដើម្បីជួយឲ្យក្រពះមានសុខភាពល្អ យ៉ាងហោចណាស់ អ្នកត្រូវទទួលទានទឹកក្តៅឧណ្ឌៗមួយកែវ ពេលភ្ញាក់ពីគេង ដើម្បីសម្អាតក្រពះពោះវៀន។
៣.បរិភោគយឺតៗ
ក្រពះមានតួនាទីយ៉ាងសំខាន់ក្នុងការបំបែក និងបំលែងអាហារទៅជាសារធាតុចិញ្ចឹមសម្រាប់ចែកចាយទៅគ្រប់ផ្នែកនៃសារពាង្គកាយ។ ប៉ុន្តែ បើអ្នកបង្ខំលេបអាហារច្រើនបន្តបន្ទាប់គ្នាចូលទៅក្នុងក្រពះ វានឹងលំបាក់ធ្វើការរំលាយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទំពារអាហារយឺតៗមួយៗមុននឹងលេបចូលពោះ វាអាចជួយកាត់បន្ថយបន្ទុករបស់ក្រពះ រួមទាំងការបញ្ចេញកម្លាំងហួសប្រមាណ។
៤.អង្អែលក្បាលពោះ
មុនពេលចូលគេងជារៀងរាល់យប់ អ្នកត្រូវយកបាតដៃដាក់លើក្បាលពោះ ហើយលុញអង្អែលពីឆ្វេងទៅស្តាំឲ្យបាន ៣០ជុំ។ ការធ្វើបែបនេះ អាចជួយជំរុញដល់មុខងាររំលាយអាហារឲ្យកាន់តែប្រសើរឡើង ហើយអាចកាត់បន្ថយបញ្ហាភើ និងចាលក្រពះថែមទៀត។
៥.ជៀសវាងធ្វើលំហាត់ប្រាណ បន្ទាប់ពីញ៉ាំអាហាររួច
ការធ្វើលំហាត់ប្រាណ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ក៏ប៉ុន្តែអ្នកត្រូវដឹងពីពេលវេលាផងដែរ។ ជាធម្មតាក្រពះត្រូវធ្វើការ ១ម៉ោង បន្ទាប់ពីទទួលទានអាហាររួច ដូច្នេះក្នុងកំឡុងពេលនេះ អ្នកមិនគួរហាត់ប្រាណ ឬធ្វើសកម្មភាពខ្លាំងៗដាច់ខាត។
ទន្ទឹមនឹងនេះផងដែរ បន្ទាប់ពីទទួលទានអាហាររួច អ្នកមិនគួរប្រញាប់ចូលគេងភ្លាមនោះទេ ព្រោះអាហារនឹងស្តុកទុកនៅក្នុងក្រពះកាន់តែយូរ ហើយធ្វើឲ្យប៉ះពាល់ដល់មុខងាររំលាយអាហារ៕
មតិយោបល់