ផ្លែម្រះ មិនត្រឹមតែជាអាហារដែលសម្បូរជីវជាតិប៉ុណ្ណោះទេ វាថែមទាំងជាឱសថ ដែលជនជាតិចិន ប្រើប្រាស់តាំងពីសម័យបុរាណមកម្ល៉ះ។ រហូតមកដល់បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្របានរកឃើញថា ផ្លែម្រះ មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទី២ និងបង្ការជំងឺមហារីកសុដន់ ផងដែរ។
តាមការអះអាងរបស់អ្នកជំនាញដោយផ្អែកទៅលើការសិក្សាដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Ethnopharmacology កាលពីខែមករា ឆ្នាំ២០១១ បានបង្ហាញថា ម្រះ មួយផ្លែមានផ្ទុកជាតិថ្នាំ ២,០០០មីលីក្រាម ដែលមានសមត្ថភាពកាត់បន្ថយជាតិស្ករក្នុងឈាមរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ យ៉ាងមានប្រសិទ្ធភាព។
ក្រៅពីជំងឺទឹកនោមផ្អែម ផ្លែឈើមួយប្រភេទនេះ អាចប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីកសុដន់ ដែលមាននៅក្នុងរាងកាយផងដែរ។ លោកវេជ្ជបណ្ឌិត Ratna B. Ray ដែលជាអ្នកដឹកនាំការសិក្សានេះ មានប្រសាសន៍ថា ផ្លែម្រះ ជាភ្នាក់ងារយ៉ាងសំខាន់ ក្នុងការការពារជីវិតមនុស្សឲ្យរួចផុតពីសេចក្តីស្លាប់ដោយសារតែកោសិកាមហារីកសុដន់។
ទោះជាយ៉ាងណា អ្នកជំនាញនៅតែបន្តការស្រាវជ្រាវបន្ថែមទៀតទៅលើផ្លែម្រះ ដើម្បីឲ្យដឹងកាន់តែច្បាស់ពីសមត្ថភាពពេញលេញរបស់វា៕
មតិយោបល់