ព័ត៌មានសុខភាព

អាហារស្ថិតក្នុងបញ្ជីខ្មៅ៤ប្រភេទ ដែលធ្វើឲ្យខូចខួរក្បាល

ខួរក្បាល គឺជាសរីរាង្គសំខាន់ជាងគេបំផុតនៅក្នុងចំណោមសរីរាង្គផ្សេងរបស់មនុស្ស ព្រោះវាជាអ្នកគ្រប់គ្រង និង​បញ្ជា​រាល់​សកម្មភាព​ទាំងអស់។ តែប្រសិនបើសរីរាង្គមួយនេះរងនូវ​ការខូចខាត​តែបន្តិច ការចង់ចាំនឹងមានហានិភ័យ​ធ្លាក់ចុះ ហេតុនេះហើយ​អ្នកត្រូវប្រុងប្រយ័ត្ន​ចំពោះការ​ថែរក្សាខួរក្បាល។

យ៉ាងណាម៉ិញ បើយោងតាមគេហទំព័រ soha បានចុះផ្សាយកាលពីពេលថ្មីៗថា មានអាហារ​មួយចំនួនដែល​អ្នកគួរជៀស​ឲ្យឆ្ងាយ ព្រោះវាអាចអាចបំផ្លាញ់ដល់ខួរក្បាលធ្ងន់ធ្ងរ។

១.អាហារចៀន ឬបំពង
ការសិក្សាមួយបានបង្ហាញថា អាហារដែលប្រើប្រេង ឬខ្លាញ់ ចម្អិនដោយប្រើកម្តៅសីតុណ្ហភាពលើស ២០០អង្សាសេ អាច​បណ្តោលឲ្យ​ខ្លាញ់មានជាតិអ៊ីដ្រូសែនកាន់តែច្រើនឡើង។

ខ្លាញ់ប្រភេទនេះហើយ ដែលអាចបណ្តោលឲ្យខួរក្បាលចាស់លឿន ខូចខាតដល់ការលូតលាស់នៃក្បាល និងបាត់បង់សតិ។
ដូច្នេះ អ្នកជំនាញសុខភាពបានផ្តល់អនុសាសន៍ ឲ្យមនុស្សគ្រប់គ្នាគួរកំណត់ការទទួលទានសាច់ ឬត្រីដែលបាន​ដំណើរការ​ដោយវិធី​បំពង ចៀន អាំងមានជាប់ផ្សែង។

២.ទទួលទានអាហារប្រៃពេក
អំបិល គឺជាគ្រឿងទេសដែលមានសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់រាងកាយរបស់មនុស្ស។ តែទោះជាយ៉ាងណា ទម្លាប់​ញ៉ាំអាហារ​ដែលមានជាតិប្រៃខ្ពស់ពេក អាចបង្កគ្រោះថ្នាក់ដល់រាងកាយ ជាពិសេសខួរក្បាល។

ការបរិភោគប្រៃមិនត្រឹមតែប្រឈមនឹងហានិភ័យនៃការឡើងសម្ពាធឈាមខ្ពស់ និងជំងឺក្រិនសរសៃឈាមប៉ុណ្ណោះទេ ថែមទាំង​ខូចសរសៃឈាម និងរាំងស្ទះដល់ការផ្គត់ផ្គងឈាមទៅកាន់ខួរក្បាលផងដែរ។

ហេតុនេះហើយ អ្នកជំនាញបានផ្តល់អនុសាសន៍ថា មនុស្សពេញវ័យមិនគួរប្រើប្រាស់អំបិលលើស​ពី៧ក្រាមក្នុងមួយថ្ងៃឡើយ។ រីឯកុមារ ត្រូវកំណត់ត្រឹមតែ ៤ក្រាមក្នុងមួយថ្ងៃបានហើយ។

៣.អាហារមានជាប់ថ្នាំសម្លាប់សត្វល្អិត
មុននឹងញ៉ាំអាហារផ្សេងៗ ជាបឋមអ្នកគួរតែយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់​ចំពោះការលាងសម្អាត ជាពិសេសសម្រាប់បន្លែ និងផ្លែឈើតែម្តង។ តែប្រសិនបើអ្នកទទួលទាន​អាហារដែលមានជាប់ថ្នាំ​សម្លាប់សត្វល្អិត អ្នកអាចប្រឈមនឹង​ជំងឺរាគរូស ពុល ហើយវា​អាចជ្រាប​ទៅអាចបំផ្លាញកោសិកា​ខួរក្បាល​ថែមទៀត។

៤.អាហារមានជាតិស្ករច្រើន
ការបរិភោគស្ករក្នុងកម្រិតមធ្យម មិនបង្កឲ្យមានផលប៉ះពាល់​ដល់រាងកាយនោះទេ។ ប៉ុន្តែប្រសិនបើ​អ្នកទទួលទាន​ជាតិស្ករច្រើន​ក្នុងរយៈពេល​យូរ អាចធ្វើឲ្យរាងកាយប្រឈមនឹង​បញ្ហាផ្សេងៗ ជាពិសេសអាចបំផ្លាញ​កោសិកាខួរក្បាល​របស់កុមារ ដែល​បង្កឲ្យ​ប៉ះពាល់​ដល់ការអភិវឌ្ឍបញ្ហាធ្ងន់ធ្ងរ៕

មតិយោបល់