ព័ត៌មានសុខភាព

ហើមមុខ ដៃ និងជើង អំឡុងពេលមានផ្ទៃពោះ គួរបន្ថយការញ៉ាំទឹកឬយ៉ាងណា?

អាការហើមដៃ ហើមជើង និងមុខ ក្នុងអំឡុងពេលមានផ្ទៃពោះ គឺដោយសារតែជាតិទឹក​ប្រមូលផ្តុំនៅក្នុង​កោសិកា​ច្រើនពេក ក៏ប៉ុន្តែ​មិនមែន​មាន័យថា អ្នកត្រូវកាត់បន្ថយ​ការទទួលទាន​ទឹកនោះទេ នេះបើយោង​តាមលោកវេជ្ជបណ្ឌិត Nandanwar នៅទីក្រុង បុមបៃ បាន​មានប្រសាសន៍។

លោកវេជ្ជបណ្ឌិតបានបង្ហាញ​ទៀតថា «ក្នុងរាងកាយរបស់​យើងមានផ្ទុក​ជាតិទឹករហូត ៨០ភាគរយ ក៏ប៉ុន្តែ​ការទទួលទាន​ទឹក​ច្រើន​ជ្រុល ឬតិចពេក​អាច​រារាំងដល់​ការបូមឈាម ដែលបណ្តោលឲ្យ​មានហានិភ័យ​ហើមកើតឡើង។ លើសពី​នេះទៅទៀត ការ​បញ្ចេញអ័រម៉ូន Progesterone ក្នុងពេលមានផ្ទៃពោះ​ច្រើនពេក ធ្វើឲ្យជាតិទឹកត្រូវ​បានឃាត់ទុក​នៅក្នុង​រាងកាយ ហើយ​ករណីហើមក៏កើតឡើង​ដូចគ្នាដែរ»។

ទោះជាយ៉ាងណា ការប្រមូលផ្តុំនៃការ​សារធាតុរាវនៅក្នុងរាងកាយ​មិនមែន​ជាមូលហេតុតែ​មួយគត់ដែលធ្វើឲ្យហើមនោះទេ។ នៅមាន​មូលហេតុផ្សេង​ទៀត រួមបញ្ចូលទាំង​កង្វះប្រូតេអ៊ីន ខ្វះឈាម ជំងឺបេះដូង និងកំណក​ឈាម។ ដូច្នេះ យកល្អអ្នកគួរ​តែ​ប្រញាប់​ទៅពិគ្រោះជាមួយ​គ្រូពេទ្យជំនាញ​ឲ្យបានកាន់តែឆាប់​កាន់តែល្អ ប្រសើរជាងការព្យាបាល​ដោយខ្លួនឯង​នៅផ្ទះ។

ម្យ៉ាងវិញទៀត លោកវេជ្ជបណ្ឌិត Nandanwar បានផ្តល់​អនុសាសន៍ថា ស្ត្រីមានផ្ទៃពោះ​គួរតែទទួលទានទឹក​យ៉ាងហោចណាស់ ១០ទៅ១២កែវ (ប្រហែលជា៣ ទៅ៤លីត្រ) ក្នុងមួយថ្ងៃ ទើបគ្រប់គ្រាន់។ ដូច្នេះ អ្នកត្រូវ​ចងចាំថា នៅពេលដែល​ជួបនឹង​បញ្ហា​ហើមដៃ ជើង និងមុខ ក្នុងអំឡុងពេល​មានផ្ទៃពោះ អ្នកពុំគួរទទួលកាត់បន្ថយការទទួលទាន​ទឹកនោះឡើយ៕

មតិយោបល់