កំពង់ចាមៈ លោកអធិការរងស្រុកជើងព្រៃ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទី ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវជាតិលេខ៧ ភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូម៉ាកស៊ុយសាគីស្មាស់ ពាក់ស្លាកលេខ ព្រៃវែង 1A-7099 បើកបរដោយឈ្មោះ ម៉ៅ ប្រុសពៅ ហៅណុច ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅតាលុន ឃុំតាលុន ស្រុកស្អាង ខេត្តកណ្តាលបើកក្នុងទិសដៅពីលិចទៅកើត (បានស្លាប់) បុកម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1A-2923 បើកបរដោយឈ្មោះ ហៃ ចិន្តា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិ ឃុំកោះរកា ស្រុកកំពង់សៀម បើកបរក្នុងទិសដៅច្រាស់ទិសគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូម៉ាក ស្មាស់ស្លាប់បាត់បង់ជីវិត និង៣នាក់ទៀត ក្នុងនោះមាន២នាក់របួសស្រាល និងម្នាក់របួសស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកម៉ូតូទាំង២គ្រឿងយកទៅរក្សទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់