តើការផ្លាស់ប្តូរពណ៌សក់ និងប្រើប្រាស់គ្រឿងសំអាងដើម្បីតុបតែងមុខ ក្នុងពេលមានពពោះមានគ្រោះថ្នាក់ដែរឬទេ? ពិតណាស់ ការស្រាវជ្រាវជាច្រើនបានរកឃើញថា ការលាបពណ៌សក់ និងប្រើគ្រឿងសំអាងតុបតែងមុខក្នុងអំឡុងពេលនេះ អាចធ្វើឲ្យទារកត្រូវប្រឈមនឹងគ្រោះថ្នាក់បំផុត។
ក្នុងអំឡុងពេលពពោះ៩ខែ១០ថ្ងៃ ស្ត្រីទាំងឡាយគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុត ចំពោះការប្រើប្រាស់គ្រឿងសំអាងផ្សេងៗ ព្រោះវាមានផ្ទុកសារធាតុគីមីបង្កផលប៉ះពាល់ទាំងម្តាយ និងទារកក្នុងផ្ទៃ។ ជាពិសេស ថ្នាំលាបសក់ អាចនាំឲ្យមានផលវិបាកដល់ការបង្កកំណើត។
ការប្រើប្រាស់ថ្នាំលាបសក់ និងគ្រឿងសំអាងក្នុងអំឡុងពេលពពោះ អាចបណ្តោលឲ្យមានជំងឺមហារីកឈាម
ការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងកាសែត Chemico-Biological Interactions កាលពីឆ្នាំ២០១៣ បានរកឃើញថា ការប្រើប្រាស់ថ្នាំលាបសក់ និងគ្រឿងសំអាងអាចបណ្តោលឲ្យទារក កើតជំងឺមហារីកឈាម បើទោះបីជាការប្រើប្រាស់ថ្នាំលាបសក់ និងគ្រឿងសំអាង មុនពេលពពោះ៣ខែ ក្នុងអំឡុងពេលពពោះ ឬបំបៅដោះកូនក៏ដោយ។ ប៉ុន្តែការប្រើប្រាស់នៅក្នុងត្រីមាសទី១នៃការពពោះ និងបំបៅដោះកូន អាចប្រឈមនឹងជំងឺរហូតដល់ទៅ ៩៥ភាគរយ។
ការប្រើថ្នាំលាបសក់ក្នុងពេលពពោះ អាចបណ្តោលឲ្យកើតមហារីកសរសៃប្រសាទ(Neuroblastoma)
ការសិក្សាមួយទៀត ដែលបានចេញផ្សាយនៅក្នុងកាសែត Cancer Causes Control កាលពីឆ្នាំ២០០៥ បានបង្ហាញថា ការប្រើថ្នាំលាបសក់ អាចកើនជំងឺមហារីក ឬមហារីកសរសៃប្រសាទចំពោះកុមារ ។ មហារីកសរសៃប្រសាទ គឺជាប្រភេទនៃជំងឺមហារីក ដែលចាប់ផ្តើមកកើតដំបូងនៅក្នុងកោសិកាប្រសាទ ហើយត្រូវបានគេរកឃើញនៅក្នុងអំប្រ៊ីយ៉ុង ឬទារក។ ការស្រាវជ្រាវក៏បានរកឃើញដែរថា ការប្រើប្រាស់ថ្នាំលាបសក់ មុនពេលពពោះមួយខែ ឬក្នុងអំឡុងពេលពពោះ អាចបង្កើនហានិភ័យនៃជំងឺមហារីកសរសៃប្រសាទដូចគ្នា។
ការសិក្សានេះបានបញ្ជាក់យ៉ាងច្បាស់ថា សារធាតុគីមីនៅក្នុងផលិតផលប្តូរពណ៌សក់ មិនមានសុវត្ថិភាពចំពោះទារកក្នុងផ្ទៃនោះទេ ខណៈដែលផលិតផលគ្រឿងសំអាងមានផលប៉ះពាល់តិចជាង៕
ប្រភពៈ thehealthsite
មតិយោបល់