តម្រងនោមមានតួនាទីយ៉ាងសំខាន់ ក្នុងការច្រោះឈាម ជាតិពុល រក្សាជាតិទឹកក្នុងរាងកាយ និងបញ្ចេញទឹកនោម។ ក៏ប៉ុន្តែ បើតម្រងនោមខ្សោយវិញនោះ កាកសំណល់ទាំងឡាយច្បាស់ត្រូវបានកកស្ទះ ហើយរាងកាយក៏ជួបនឹងបញ្ហដែរ។ ដូច្នេះ ការថែរក្សាតម្រងនោមឲ្យមានសុខភាពល្អ គឺជារឿងដ៏ចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសអ្នកគួរជៀសវាងទម្លាប់អាក្រក់៦ចំណុចឲ្យបាន។
១.ទទួលទានទឹកតិច
ការទទួលទានទឹកបានគ្រប់គ្រាន់ អាចជួយរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយបានយ៉ាងល្អ ហើយជួយបណ្តេញជាតិពុលថែមទៀត។ ផ្ទុយទៅវិញប្រសិនបើអ្នកទទួលទានទឹកតិចពេក នោះជាតិពុល និងជាតិសូដ្យូម ច្បាស់ជាកកុញនៅក្នុងតម្រងនោមកាន់តែច្រើនឡើងៗ ដែលបង្កឲ្យកើតមានជំងឺតម្រងនោម ឬក្រួសក្នុងតម្រងនោមថែមទៀត។
២.ទទួលទានសាច់សត្វច្រើនពេក
ប្រូតេអ៊ីននៅក្នុងសាច់សត្វមានផ្ទុកជាតិអាស៊ីតខ្ពស់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់តម្រងនោមប្រសិនបើអ្នកទទួលទានហួសកម្រិត។ ដូច្នេះ អ្នកគួរតែឧស្សាហ៍ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើនវិញ ទើបល្អសម្រាប់តម្រងនោម និងសុខភាពទូទៅ។
៣.ជក់បារី
ជាទូទៅការជក់បារីអាចបណ្តោលឲ្យខូចសួត ឬបេះដូង ប៉ុន្តែវាក៏មានផលប៉ះពាល់ដល់សុខភាពតម្រងនោមផងដែរ។ បើអ្នកនៅតែមិនកែទម្លាប់មួយនេះ ជាតិពុលនៅក្នុងផ្សែងនឹងផ្ទុកក្នុងតម្រងនោមកាន់តែច្រើន ហើយយូរៗទៅតម្រងនោមនឹងមានគ្រោះថ្នាក់។
៤.សេពគ្រឿងស្រវឹង
ការសេពគ្រឿងស្រវឹងលើសកម្រិតជាប្រចាំ អាចបង្កើនហានិភ័យនៃការអភិវឌ្ឍទៅរកជំងឺតម្រង៥ដង បើធៀបទៅនឹងអ្នកដែលមិនទទួលទានគ្រឿងស្រវឹង។
៥.ទទួលទានប្រៃពេក
ទម្លាប់ទទួលទានអាហារប្រៃអំបិលពេក អាចបណ្តោលឲ្យសម្ពាធឈាមកើនឡើង ដោយសារតែអំបិលមានផ្ទុកជាតិសូដ្យូមកម្រិតខ្ពស់។ នេះហើយជាមូលហេតុដែលតម្រងនោមត្រូវប្រឹងធ្វើការច្រោះជាតិសូដ្យូមពីក្នុងឈាម ហើយប្រសិនបើតម្រងនោមទប់ទល់លែងបានច្បាស់ជាមានបញ្ហាកើតមានឡើងជាពុំខាន។
៦.ទម្លាប់ទប់នោម
ទម្លាប់ទប់នោមមិនព្រមបញ្ចេញចោលភ្លាមៗ អាចបណ្តោលឲ្យតម្រងនោមរងនូវសម្ពាធយ៉ាងខ្លាំង ដោយសារតែទឹកនោមកើនឡើងកាន់តែច្រើនទៅៗ ហើយភាគល្អិតតូចៗនឹងរងធ្លាក់ទៅក្រោមដែលនាំឲ្យក្លាយជាក្រួស។ នេះហើយជាមូលហេតុមួយ ដែលអ្នកគ្រប់គ្នាមិនគួរអត់ទ្រាំយូរពេកឡើយ ប្រសិនបើឈឺនោមត្រូវបញ្ចេញចោលភ្លាម៕
ប្រភព៖ boldsky
មតិយោបល់