ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ ២០១៧នេះ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិបានប្រមាណជាង ១.៥លាននាក់ ដែលកើនឡើងជាង ១២ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ចំពោះតំបន់ដែលភ្ញៀវទេសចរ មកទស្សនាច្រើនជាងគេគឺ សៀមរាបអង្គរ កើនឡើង ១៩ភាគរយ តំបន់ឆ្នេរកើន ១២ភាគរយ ភ្នំពេញកើន ១៦ភាគរយ និងតំបន់ភាគខាងជើងកើន ១២ភាគរយ។
ភ្ញៀវទេសចរចិន ជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជា ហើយបន្ទាប់មកនោះគឺ ភ្ញៀវវៀតណាម កូរ៉េ ជប៉ុន។
ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០១៧នេះ ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា រួមមាន ចិន ១៧ម៉ឺននាក់ វៀតណាម ១៤ម៉ឺននាក់ កូរ៉េ ១០ម៉ឺននាក់ ថៃ ៦ម៉ឺននាក់ និងឡាវ ៦ម៉ឺននាក់។
គួរជម្រាបដែរថា កម្ពុជា រំពឹងទទួលភ្ញៀវអន្តរជាតិ ៥.៤លាននាក់ក្នុងឆ្នាំនេះ នឹង ៧លាននាក់ក្នុងឆ្នាំ ២០២០ ដែលរំពឹងរកចំណូលបាន ៥ពាន់លានដុល្លារ និងបង្កើតការងារ ១លានកន្លែង៕
មតិយោបល់